ចាំមើលមើ ! លោក លី សាម៉េត បះជើង ឬលោក ម៉ៅ ភិរុណ សង្កត់កឬ? ក្នុងរឿងទំនាស់ដីធ្លី នៅខេត្តកណ្តាល
កណ្តាល៖ រឿងទំនាស់ដីធ្លី ចោទប្រកាន់គ្នាទៅវិញទៅមក រវាងលោក លី សាម៉េត អគ្គនាយករងក្រុមហ៊ុនអេងឌីប៉ូ ជាមួយនឹងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល កំពុងក្តីគកុក ហើយលោក លី សាម៉េត ប្តឹងលោកលោក ម៉ៅ ភិរុណ ទៅសម្តេចតេជោ ឲ្យជួយអន្តរាគមន៍។
ប៉ុន្តែទោះយ៉ាងណា លោកខាំ សុផារី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាកោះអញ្ជើញលោក លី សាម៉េត ស្នាក់នៅភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មកកាន់អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ២២ខែសីហា ២០១៨ វេលាម៉ោង ៣ នៅជាន់ទី២ បន្ទប់ ក ដើម្បីបំភ្លឺ ពីដំណើររឿង បរិហារកេរ្តិ៍ជាសាធារណៈ និង បទប្រមាថ តាមបណ្តឹង ឈ្មោះ ម៉ៅ ភិរុណ ។
ក្នុងដីកាកោះនោះ លោកព្រះរាជអាជ្ញា បានស្នើដល់លោកលី សាម៉េត ត្រូវអញ្ជើញ តាមលិខិតអញ្ជើញនេះឲ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនឹងរឿងនេះ មកជាមួយផង ប្រសិនបើមាន។
ទាក់ទងរឿងនេះ លោក លី សាម៉េត ដែលបានបង្ហោះ ទាំងដីកា រួមនិងសរសេរបរិយាយ នៅលើផេក របស់លោក នៅថ្ងៃទី១២ សីហា ២០១៨ នេះ ដោយ បានពោលទៅកាន់ លោក ម៉ៅ ភិរុណ យ៉ាងដូច្នេះថា ៖ ខ្ញុំបាទ លី សាម៉េត និង ឧកញ៉ា ឌីប៉ូ សូមជំរាបលោកអភិបាលខេត្តកណ្តាល ម៉ៅ ភិរុណ ឲ្យបានជ្រាបថា លោកបានយកដីក្រុមហ៊ុនខ្ញុំទៅលក់ ធ្វើរបាយការណ៍កុហក់
សម្តេច លោកបានយកស្នាមមេដៃប្រជាពលរដ្ឋទៅកុហកសម្តេច ឥឡូវ ប្រជាជននៅឃុំកំពង់អុសទាំងមូលដឹងលឺអស់ហើយ ហើយប្រជាជនទាំងអស់ព្រមមកធ្វើជា សាក្សីទាំងអស់គ្នា។ លោកបានកុហកប្រជាពលរដ្ឋ ហើយ ប្រជាពលរដ្ឋទាំងអស់ឆ្ងល់ថាយកស្នាមមេដៃពួកគាត់ធ្វើអ្វី ហើយខាងលោកអភិបាលខេត្ត ម៉ៅ ភិរុណ ថា យកស្នាមមេដៃទៅ គាំទ្រសម្តេច តផ្ទុយទៅវិញ លោកបានយកស្នាមមេដៃប្រជាជន ធ្វើរបាយការណ៍កុហកសម្តេច ហើយលោកយកដីក្រុមហ៊ុន ទៅលក់ចែកអ្នកមាន និងឧកញ៉ា មួយចំនួន ។ ខ្ញុំបាទ លី សាម៉េត មានភ័ស្តុតាងគ្រប់គ្រាន់ មានទាំង វីដេអូឃ្លីប ដែលលោកបានបញ្ជាកូនចៅថ្នាក់ ក្រោម ទៅប្រមូលស្នាម មេដៃប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះ លោកចោទថា ក្រុមហ៊ុនខ្ញុំមិនឲ្យប្រជាពលរដ្ឋដើរ លោកធ្វើរបាយការណ៍កុហកថា ប្រជាជនដើរមិនបាន រកត្រីមិនបាន ។ រឿងទាំងអស់នេះ សុទ្ធតែលោកជាអ្នកប្រឌិតឡើងទាំងអស់ មិនតែប៉ុណ្ណោះលោកយកដីក្រុមហ៊ុនខ្ញុំទៅលក់អស់ហើយ លោកបែរមកប្តឹងខ្ញុំដាក់គុកទៀត ។ វាពិតជា អយុត្តិធម៌ណាស់សម្រាប់រូបខ្ញុំបាទ ។ សូមប្រជាពលរដ្ឋទាំងអស់ពិចារណាទាំងអស់គ្នា ។
បើលោកអភិបាលខេត្តកណ្តាលថា ខ្លួនលោកមិនបានយកដីក្រុមហ៊ុនទៅ លក់ឲ្យគេទេនោះ លោកហ៊ានមកស្បថ ជាមួយខ្ញុំបាទ នៅព្រះអង្គដងកើ បាន ឬ អត់ ។ តើលោកយកដី ក្រុមហ៊ុននោះពិត ឬមិនពិត? ។ ពីព្រោះឈ្មោះដែលលោកបានលក់ឲ្យនោះ សុទ្ធតែជាពួកឈ្មួញខិលខូច និងអ្នកមានមួយចំនួន ហើយគ្មានឈ្មោះប្រជាជននៅឃុំកំពង់អុសទេ។ ខ្ញុំបាទមានភ័ស្តុតាងក្នុងដៃគ្រប់គ្រាន់ ។ ហើយលោកបានប្រមាថ ខ្ញុំបាទ និង ឧកញ៉ា ឌីប៉ូថា ពួកអាជនពាល ពីរនាក់ហ្នឹង ហ្នឹងចាត់ការវា ពេលបោះឆ្នោតហើយ (នេះជារឿងពិត )។ ខ្ញុំដឹងអាថ៌កំបាំងច្រើនណាស់ អ្វីដែលខ្ញុំហ៊ាននិយាយ ខ្ញុំបាទនឹងហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ ពីព្រោះ លោកម៉ៅ ភិរុណ បានយកដីក្រុមហ៊ុនទៅលក់យ៉ាងពិតប្រាកដ មិនអាចប្រកែកបាន ទេវតាដឹងលឺ មេឃដីដឹងលឺ ។
បើតាមលោកផែង វណ្ណៈ បានសរសេរលើផេកហ្វេសប៊ុកថា លោកម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ជាអភិបាលខេត្តម្នាក់ ដែលឈ្មួញមិនអាចយក លុយមកទិញបាន តែប្រជាពលរដ្ឋខេត្តកណ្ដាល គោរពស្រឡាញ់ លោក ម៉ៅ ភិរុណ គ្រប់ៗគ្នា ។ ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ ដោយឈ្មួញរំលោភយកដីធ្លីត្រូវបាន លោក ម៉ៅ ភិរុណ ជួយរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋ ដោយមិនដែលយកលុយកាក់ ពីប្រជាពលរដ្ឋម្នាក់ណាឡើយ ។ ប៉ុន្តែទង្វើរបស់ លោក ម៉ៅ ភិរុណ ដែលការពារផលប្រយោជន៍ប្រជាជន បែរជាត្រូវឈ្មួញ និង មន្ត្រីខិលខូចការពារឈ្មួញខ្លះ លាបពណ៌ចោទប្រកាន់ខុសការពិតតែម្ដង ។ បើតាមថ្មីៗនេះ ខ្ញុំឃើញ ឈ្មួញរកស៊ីម្នាក់តាំងខ្លួនជាគ្រូមា បង្ហោះព័ត៌មានតាម Facebook ចោទប្រកាន់ លោកម៉ៅ ភិរុណ ថាបានយកដីពលរដ្ឋលក់អោយឈ្មួញ គឺជារឿងមិនពិត ។
ប៉ុន្តែទោះយ៉ាងណា លោកលី សាម៉េត បានបញ្ជាក់ក្នុងផេកហ្វេសប៊ុកថា ខ្ញុំបាទ លី សាម៉េត សូមគោរពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាទីគោរពដ៏ខ្ពង់ខ្ពស់។ ខ្ញុំបាទ លី សាម៉េត ម្នាក់នេះ បានស្បថសច្ចានៅចំពោះមុខព្រះអង្គដងកើ និងអ្នកតាដំបងក្រញូង ដូចសម្តេចបានឃើញហើយ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសបានឃើញហើយថាខ្ញុំបាទ ស្មោះត្រង់នឹងសម្តេច និងគណបក្សប្រជាជនកម្ពុជា ប៉ុណ្ណា? មេឃដីដឹងឮ ទេវតាដឹងឮ អ្វីៗក៏ខ្ញុំហ៊ានលះបង់ដើម្បីសម្តេច ទោះបីអ្នកណាជេរប្រមាថមើលងាយខ្ញុំបាទប៉ុណ្ណាក៏ដោយ ដើម្បីសម្តេចខ្ញុំបាទទ្រាំបានទាំងអស់។
តែនៅពេលនេះ សូមសម្តេចមេត្តាអភ័យទោសនិងពិចារណា ឱ្យខ្ញុំបាទដើរផ្លូវណា? បើលោកអភិបាលខេត្ត ម៉ៅ ភិរុណ ធ្វើរបាយការណ៍ភូតកុហកសម្តេច ដើម្បីយកដីក្រុមហ៊ុនខ្ញុំបាទទៅចែកគ្នាអស់រលីងហើយ មិនតែប៉ុណ្ណោះប្តឹងខ្ញុំបាទដើម្បីយកទៅដាក់គុកទៀត។
ខ្ញុំបាទសូមជំរាបសម្តេចដោយត្រង់ថា ខ្ញុំបាទមិនចង់ស្រាតខោខ្លួនឯងឱ្យអ្នកដទៃឃើញទេ តែពេលនេះខ្ញុំបាទទាល់ច្រកហើយមិនដឹងដើរផ្លូវណាទេ? ពីព្រោះលោកអភិបាលខេត្ត ម៉ៅ ភិរុណ យកទ្រព្យសម្បត្តិខ្ញុំបាទដែលមានទាំងប៉ុន្មានយកទៅហែកចែកគ្នាអស់រលីងហើយ តើគួរឱ្យខ្ញុំបាទធ្វើយ៉ាងដូចម្ដេច? ៕