អភិបាលខណ្ឌឫស្សីកែវនិងភរិយា ចុះចែកប្រជាពលរដ្ឋ៨១គ្រួសារពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភ:» កំពុងធ្វើចត្តាឡីស័កតាមផ្ទះ
ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវនិងភរិយាព្រមទាំលោកស្រីអភិបាលរងខណ្ឌនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បានបន្តដឹកនាំមន្ត្រីក្រោមឱវាទនាំយកស្បៀងអាហារឧបត្ថម្ភជូនប្រជាពលរដ្ឋ៨១គ្រួសារ ដែលកំពុងជាប់ធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃតាមផ្ទះ ដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំនួនជូនដល់៣ទីតាំង ក្នុងសង្កាត់ចំនួន៣ មានសង្កាត់គីឡូម៉ែត្រលេខ៦, សង្កាត់ឫស្សីកែវ, និងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។
ក្នុងឱកាសនោះលោកអភិបាលខណ្ឌបានបញ្ជាក់ជូនប្រជាពលរដ្ឋនូវសារផ្ដាំផ្ញើដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងតាមវិធានការរបស់ក្រសួងសុខាភិបាល «៣ ការពារ និង៣កុំ» ក្នុងការទប់ស្កាត់ការរាតត្បាតឆ្លងជំងឺកូវីដ១៩ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ។លោកក៏បានបន្តព្យាយាមពន្យល់ដល់បងប្អូនប្រជាពលរដ្ឋឲ្យយកឈ្នះឲ្យបានលើជំងឺឆ្លងរាតត្បាតកូវីដ១៩ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដោយអនុវត្តនូវសារផ្ដាំផ្ញើដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមវិធានការរបស់ក្រសួងសុខាភិបាល «៣ ការពារ និង៣កុំ»។
លោក ជា ពិសី បានបញ្ជាក់ជូនប្រជាពលរដ្ឋថា៖ វិធានការ «៣ ការពារ និង៣កុំ» រួមមាន៖ ពាក់ម៉ាស់, លាងដៃ, គម្លាតសុវត្ថិភាពសង្គម, គម្លាតសុវត្ថិភាពបុគ្គល (ចាប់ពី ១ម៉ែត្រកន្លះឡើងទៅ) ដែល៣ការពារនេះសំខាន់ខ្លាំងណាស់ ដើម្បីយកឈ្នះលើជំងឺកូវីត-១៩។
ឯ «៣កុំ»គឺ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ហើយរកកន្លែងមានខ្យល់ចេញចូល, កុំទៅកន្លែងមានមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា, កុំចាប់ដៃគ្នា, កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម បើផ្តាសាយ ឬសង្ស័យមានជំងឺកូវីត-១៩ ដាច់ខាតកុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យភ្លាមៗ។
គួរបញ្ជាក់ថា៖បង-ប្អូនប្រជាពលរដ្ឋទាំង៨១គ្រួសារកំពុងជាប់ធ្វើចត្តាឡីស័កតាមផ្ទះរយះពេល១៤ថ្ងៃដែលទទួលបានស្បៀងអាហារផ្ទាល់របស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ មានដូចជា៖ មី, ទឹកស៉ីអ៉ីវ, ទឹកត្រី, ទឹកក្រូច, ទឹកបរិសុទ្ធ, ត្រីខ, ស្ករស ជាដើម៕