ចាប់ស្រ្តីជនជាតិវៀតណាមម្នាក់ ដែលបន្លំខ្លួនចូលមកប្រទេសកម្ពុជា តាមរថយន្តដឹកផ្លែឈើ
បាត់ដំបង ៖ ជនបរទេសម្នាក់ដែលបន្លំខ្លួនចូលមកប្រទេសកម្ពុជា តាមរថយន្តដឹកផ្លែឈើ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានជំនាញ អនុវត្តតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី ៤ខែ មីនា ឆ្នាំ២០២១នេះតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោមឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនការងារអន្តោប្រវេសន៍បាន ដឹក នាំមន្រ្តីការិយាល័យជំនាញ នាំខ្លួនស្រ្តីជាជនបរទេសម្នាក់ឈ្មោះ ទ្រឿង ទីទួហាវ Truong Thi Tu Hao អាយុ២២ឆ្នាំ ជនជាតិវៀតណាម ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដេីម្បីចាត់ការតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២១ សមត្ថកិច្ចនៅ ស្រុកកំរៀង បានធ្វេីការឃាត់ខ្លួនស្រី្តរូបនេះ និងបុរសជាជនជាតិខ្មែរផ្សេងទៀត បន្ទាប់ពីពួកគាត់បានបន្លំឆ្លងដែន ដោយជិះរថយន្តដឹកផ្លែឈេី ចូលពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិដូងស្រុកកំរៀង ចូលមកប្រទេសកម្ពុជា ដោយគេចវេសមិនព្រមធ្វេីចត្តាឡីស័ក។ ប៉ុន្តែទីបំផុតត្រូវបានសមត្ថកិច្ចរកឃេីញនិងនាំយកទៅធ្វេីចត្តាឡីស័ក នៅទីនោះតាមវិធានសុខាភិបាលរហូតមក ទេីបពេលនេះត្រូវបានចាត់បញ្ជូនរូបគាត់ទៅកាន់នាយកដ្ឋានជំនាញ ដេីម្បីចាត់ការបន្តតាមផ្លូវច្បាប់៕