បញ្ជូនខ្លួនជនសង្ស័យ ដែលរំលោភសម្លាប់នារីបុគ្គលិកកាស៊ីណូនៅក្រុងប៉ោយប៉ែត ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ទីបំផុតឃាតករ រំលោភរួចប្លន់ស្លាប់នារីជាបុគ្គលិកកាស៊ីណូម្នាក់មានវ័យ២៣ឆ្នាំ នៅក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តសៀមរាបនិងកម្លាំងនាយកដ្ឋាន ព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ ចាប់ឃាត់ខ្លួនបាននៅវេលាម៉ោង០៩និង៤០នាទីយប់ថ្ងៃទី០៤ខែមីនា ឆ្នាំ២០២១ នៅបន្ទប់ផ្ទះសំណាក់យ៉ហោប៊ុនថា៣ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា ៖ក្រោយពីមានអំពើឃាតកម្មកើតឡើង។ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឲ្យលោកដឹកនាំកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ធ្វើស្រាវជ្រាវតាមវិធានការជំនាញដោយសហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប និងនគរបាលជំនាញនៃនាយកដ្ឋានកណ្តាលនគរបាលព្រហ្មទណ្ឌ ជាលទ្ធផលជនសង្ស័យជាឃាត ក ឈ្មោះ រឿន ធារិន្ទ ភេទប្រុសអាយុ៣៨ឆ្នាំ នៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមុខរបរមិនពិតប្រាកដ ត្រូវបានចាប់ឃាត់ខ្លួនបាននៅវេលាម៉ោង០៩និង៤០នាទីយប់ថ្ងៃទី០៤ខែមីនា ឆ្នាំ២០២១ នៅបន្ទប់ផ្ទះសំណាក់យ៉ហោប៊ុន ថា៣ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក្រោយពីគេបានរំលោភរួច ប្លន់សម្លាប់ដោយប្រើកាំបិតចុងស្រួចចាក់ទៅលើនារីរងគ្រោះ ឈ្មោះហួន ស្រី ភេទស្រីអាយុ២៣ឆ្នាំ បណ្តាលឲ្យស្លាប់កាលពីថ្ងៃទី០២ខែមីនា ឆ្នាំ ២០២១ នៅក្នុងបន្ទប់ផ្ទះជួលលេខ០៥ នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា រូបគេនៅផ្ទះជួលបន្ទប់ជិតគ្នា ហើយគេបានលួចស្រឡាញ់នារីរងគ្រោះម្នាក់ឯងរយៈពេល ៣ទៅ៤ខែមកហើយ ។នៅថ្ងៃកើតហេតុរូបគេដឹងថាជនរងគ្រោះមិនបានទៅធ្វើការនៅម្នាក់ឯង គេបានរៀបចំគម្រោងជាស្រេចមានកាំបិតនិងខ្សែសម្រាប់ចងជនរងគ្រោះ បន្ទាប់គេបានគោះទ្វារពេលជនរងគ្រោះបើកទើបយកកូនកាំបិតភ្ជង់ឲ្យចូលក្នុងបន្ទប់ ដោយនិយាយថាគេសុំដេកជាមួយតែនារីរងគ្រោះប្រកែករួចគេបានទះកំដាល់២ដៃនិងពោះ៣ដៃធ្វើឲ្យឆ្អល់និងយល់ព្រមជាមួយគេ ក្រោយពីរំលោភបានសម្រេច០១លើក បន្ទប់មកជនរងគ្រោះដេកលក់ ហើយគេគឹតថាខ្លាចនាងប្តឹងក៏សម្រេចចិត្តយកកូនកាំបិតចាក់បំពង់ ក នាងបណ្តាលឲ្យដាច់សរសៃឈាមស្លាប់ រួចហើយដោះយកគ្រឿងអល័ង្លការលោហៈពណ៌លឿងមាន ខ្សែ ក ខ្សែជើង និងកដៃ ខ្សែដៃ និងលុយអាមេរិកប្រមាណជា១៥០ដុល្លា លុយខ្មែរប្រមាណជា៣០ម៉ឺន រួចគេចខ្លួន។
ទាក់ទិនិងករណីឃាតកម្មនេះ មានបណ្តាញព៌ត៌មានសង្គមមួយចំនួនបាននិយាយថា ឃាតករជាជនជាតិចិននោះ គឺមិនមែនទេ គឺជាជនជាតិខ្មែរ ឈ្មោះ រឿន ធារិន្ទ ភេទប្រុសអាយុ៣៨ឆ្នាំ នៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមុខរបរមិនពិតប្រាកដ បានស្នាក់នៅផ្ទះជួល បន្ទប់លេខ០៦ជិត បន្ទប់នារីរងគ្រោះ ។ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ កំពុងសួរចម្លើយនិងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕