ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរាជទូតកម្ពុជា​ ស្នើអោយអភិបាលក្រុងអានសាន ពិនិត្យលទ្ធភាព ក្នុងការបង្កើតចំណងមិត្តភាព រវាងរាជធានីភ្នំពេញ ឬខេត្ត ក្នុងក្របខ័ណ្ណថ្នាក់ក្រោមជាតិ នៃប្រទេសទាំងពីរ

164

 

កូរ៉េខាងត្បូង៖ ស្ថានឯកអគ្គរាជទូតកម្ពុជា និងសាលាក្រុងអានសាន បានសន្យាថានឹងបន្ដកិច្ចសហការឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីលើកស្ទួយវប្បធម៌ អរិយធម៌នៃប្រទេសទាំងពីរ និងការគាំពារដល់សហគមន៍ខ្មែរដែលរស់នៅទីក្រុងអានសាន។ 

   ក្រៅពីនេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ឡុង ឌីម៉ង់ បានស្នើដល់អភិបាលក្រុងអានសាន ពិនិត្យលទ្ធភាពក្នុងការបង្កើតចំណងមិត្តភាពជាមួយនឹងរាជធានីភ្នំពេញ ឬខេត្តណាមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតបន្ដឹងចំណងមិត្តបន្ថែមទៀតក្នុងក្របខ័ណ្ណថ្នាក់ក្រោមជាតិនៃប្រទេសទាំងពីរអោយកាន់តែប្រសើរថែមទៀត។

  ការស្នើខាងលើនេះរបស់លោក ឡុង ឌីម៉ង់ បានធ្វើឡើងខណៈដែលលោកនិងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Wha Sub Yoon អភិបាលទីក្រុងអានសាន និងលោកប្រធានមជ្ឈមណ្ឌប្រឹក្សាយោបល់ជនបរទេសនៃទីក្រុងអានសាន នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នេះ ។

  ចំពោះការស្នើអោយអភិបាលក្រុងអានសាន ពិនិត្យលទ្ធភាពក្នុងការបង្កើតចំណងមិត្តភាពជាមួយនឹងរាជធានីភ្នំពេញ ឬខេត្តណាមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតបន្ដឹងចំណងមិត្តបន្ថែមទៀតក្នុងក្របខ័ណ្ណថ្នាក់ក្រោមជាតិនៃប្រទេសទាំងពីរនោះ ជាការឆ្លើយតប លោកអភិបាលក្រុងរីករាយ ហើយថ្លែងអំណរគុណដល់ឯកអគ្គរាជទូត ហើយសន្យាថានឹងយកសំណើរនេះមកពិនិត្យពិភាក្សា នឹងឆ្លើយតបវិញក្នុងពេលខាងមុខនេះ។

   ក្នុងឱកាសនោះឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ឡុង ឌីម៉ង់ក៏បានផ្ដល់សម្លៀកបំពាក់ប្រពៃណីក្នុងពិធីមង្គលការចំនួន ២ឈុត ជូនមជ្ឈមណ្ឌលវប្បធម៌នៃទីក្រុងអានសានដើម្បីទុកតាំងបង្ហាញផងដែរ។

   គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពូជាមានរាជធានី-ខេត្ត ដែលមានសម្ព័ន្ធមិត្តជាមួយនឹងសាធារណរដ្ឋកូរ៉េដូចជា រាជធានីភ្នំពេញបានចងសម្ព័ន្ធភាពជាមួយនឹងទីក្រុងប៊ូសាន និងទីក្រុងអ៊ិនឆន់ ហើយខេត្តសៀមរាបបានចងសម្ព័ន្ធភាពជាមួយនឹងទីក្រុងស៊ូវ៉ុន ហើយសមិទ្ធិផលផ្លែផ្កាជាវិជ្ជមាននៃចំណងមិត្តភាពក៏បាននឹងកំពុងរីកដុះដាលជាបន្ដបន្ទាប់៕

 

អត្ថបទដែលជាប់ទាក់ទង