ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណ ជនរួមជាតិភ្លាមៗ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតគ្រប់គ្រងអាសនៈ ទាំង១២៥ នៅក្នុងរដ្ឋសភា

93

ភ្នំពេញ៖ ក្រោយពីគ.ជ.ប ប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិថ្មី នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានផ្ញើសារថ្លែងអំណរគុណ ដល់ជនរួមជាតិ ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា រហូតឈ្នះអាសនៈ ទាំងស្រុង១២៥ នៅក្នុងរដ្ឋសភា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អរគុណបងប្អូនជនរួមជាតិទូទាំងប្រទេស ដែលបានសម្រេចចិត្តទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ (២០១៨-២០២៣) កាលពីថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងមកនេះដែលមានចំនួនពលរដ្ឋ ទៅបោះឆ្នោតដ៏ច្រើនលើសលុប បំផុត ៦,៩៥៦,៩០០ (៨៣.០២%)«។

សម្តេចបានបន្តថា «សូមអរគុណបងប្អូនកូនក្មួយ សមាជិកសមាជិការគណបក្ស ប្រជាជនទូទាំងប្រទេស ជាពិសេសដែលបាន ចូលរួមយ៉ាងសកម្ម ទាំងនៅក្នុងពេលយុទ្ឋនាការឃោស​នាបោះឆ្នោត និងបានទៅបោះឆ្នោតគាំទ្រ គណបក្សប្រជាជនលេខ២០ ភ្លូកទឹក​ភ្លូក​ដី ដែលលទ្ឋផលផ្លូវការពី គ.ជ.ប នៅមុននេះបន្តិចគឺបានប្រកាសថា គណបក្សប្រជាជនកម្ពុជា ឈ្នះអាសនៈទាំង ១២៥ នៅគ្រប់ខេត្តក្រុង ទាំង២៥​មណ្ឌល។ នេះសរបញ្ជាក់ឱ្យឃើញច្បាស់ថា បងប្អូនជនរួមជាតិមានជំនឿទុក​ចិត្តឥតងាករេលើការដឹកនាំ ដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន ដែលមាន សម្តេច​តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត ហើយបងប្អូនបានសម្រេចចិត្ត​ ជ្រើសរើសសន្តិភាព ការអភិវឌ្ឍ និងបន្តចាក់ឬសប្រជាធិបតេយ្យ ជាសំខាន់បំផុត​ សម្រាប់ប្រទេសជាតិ យើងទាំងមូល»។

សម្តេចតេជោ ហ៊ុន​ សែន ក៏បានថ្លែងអំណរគុណ គណបក្សនយោបាយទាំង ១៩ទៀត ដែលបាន​ចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតតាមបែប លទ្ឋិប្រជាធិបតេយ្យ ដោយ​ស្មើ​ភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយប្រកាសថា រាជរដ្ឋាភិបាលអាណត្តិទី៦ ថ្មីនឹងត្រូវបាន​រៀបចំបង្កើត នៅសប្តាហ៍ទី១នៃ ខែកញ្ញាខាងមុខនេះ។

គួរបញ្ជាក់ថា លទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ បានបង្ហាញទាំងស្រុងហើយ នៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ​ ដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានប្រកាសថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភាតែម្តង ចំណែកគណបក្សផ្សេងៗ ដែលចូលរួមក្នុងការបោះឆ្នោត ពុំបានទទួលអាសនៈ ណាមួយឡើយ។

តាមលទ្ធផលផ្លូវការ ដែលចេញផ្សាយដោយ គ.ជ.ប បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានទទួលសំឡេង គាំទ្រច្រើនលើសលប់ រហូតដល់៤,៨៨៩,១១៣សំឡេង ស្មើនឹងប្រមាណ ៧៧ភាគរយ នៃសំឡេងសន្លឹកឆ្នោតបានការ ទាំងមូល ៦,៣៦២,២៤១។ នៅគ្រប់បណ្តារាជធានី/ខេត្ត គណបក្សកាន់អំណាច៥ អាណត្តិជាប់ៗគ្នាកន្លងមក ទទួលបានសំឡេងគាំទ្រ នាំមុខគេដាច់ បើធៀបនឹងគណបក្សនយោបាយ ទាំង១៩ផ្សេងទៀត ដែលចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត៕

អត្ថបទដែលជាប់ទាក់ទង