ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនរឈើ៥៩៣ដុំ ត្រូវអាវុធហត្ថខេត្តក្រចេះ បង្រ្កាបនៅក្នុងក្រុមហ៊ុនលឹម រ៉ូយ៉ាល់ តែបដិសេធថា មិនពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់

64


ខេត្តក្រចេះ៖ គំនរឈើ៥៩៣ដុំ ត្រូវកងកម្លាំងអាវុធហត្ថខេត្តក្រចេះ បង្រ្កាបនៅក្នុងក្រុមហ៊ុនលឹម រ៉ូយ៉ាល់ នៅដែនជម្រកសត្វព្រៃភ្នំព្រិចស្រុក​កែវសីម៉ា ដែលត្រូវបានមជ្ឈដ្ឋានានា អះអាងថា គឺជាការៀបចំរបស់អាជ្ញាធរ ប៉ុន្តែត្រូវអាជ្ញាធរខេត្តមណ្ឌលគិរី បានចេញសេចក្តីបដិសេធថា មិនពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់។

បើយោងតាមរបាយការណ៍របស់អាវុធហត្ថខេត្តក្រចេះ បានឲ្យដឹងថា គិតត្រឹមម៉ោង៧ ថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៨ ដឹកនាំដោយលោកមេបញ្ជាការកងរាជអាវុធហត្ថក្រចេះ លោក សាន្ត ប៊ុនថាន ចុះប្រត្តិបត្តិប្រើពលទានចំនួន ៤៥នាក់ រថយន្ដ១០គ្រឿង អាវុធ២៥ដើម ស្រាវជ្រាវបង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច ស្រុក​កែវសីម៉ា និយាមការ (683691-1401577) ដល់និយាមការ(692503-1417324)​ ក្រុមហ៊ុន លឹមរ៉ូយ៉ាល់ ក្នុងស្រុក​ពេជ្រាដា ខេត្តមណ្ឌលគិរី ។

សូមបញ្ជាក់ថា ឈើដែលកងកម្លាំងអាវុធហត្ថខេត្តក្រចេះ ចុះបង្រ្កាបនោះ គឺឈ្មួញធ្វើកាប់បំផ្លាញ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច និងដែនជម្រកសត្វព្រៃកែវសីម៉ា ដោយយកមកទុកចំណុចខាងលើ គ្រោងនាំចេញនាពេលឆាប់ៗនេះ ទៅប្រទេសវៀតណាម តាមច្រកក្នុងទឹកដីស្រុកស្នួល។

ជាមួយករណីនេះ អាជ្ញាធរខេត្តមណ្ឌលគិរី បានចេញសេចក្តីបដិសេធថា មិនពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់ ខណ:គណ:កម្មាធិការជាតិរកឃើញគំនរឈើខុសច្បាប់ជាច្រើនកំណាត់នៅក្នុងក្រុមហ៊ុនលឹម រ៉ូយ៉ាល់ នៅដែនជម្រកសត្វព្រៃភ្នំព្រិចស្រុកកែវសីមាគិតត្រឹមម៉ោង៧ ថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៨។
ការចេញសេចក្តីបដិសេធរបស់អាជ្ញាធរខេត្តមណ្ឌលគិរីនេះ បន្ទាប់មានរបាយការណ៍សារព័ត៌មានជាច្រើនបានរាយការណ៍ថា លោកស្វាយ សំអ៊ាង និងមន្រ្តីជំនាញក្នុងខេត្តមណ្ឌលគិរី បានឃុបឃិតជាមួយឧកញ៉ា៣នាក់ គឺ ស៊ឹង សំអុល តុប វីយ៉ាដា និង ប៉ោ សំអឿន បានប្រមូលប្រជាពលរដ្ឋ ចូលកាប់ព្រៃតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិច ស្រុកកែវសីម៉ា ត្រៀមនាំចេញទៅលក់នៅប្រទេសវៀតណាម នាពេលខាងមុខនេះ។
ការបដិសេធបែបនេះ ត្រូវបានអ្នកសង្កេតការណ៍បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី ចាត់ទុកថា ជាការដោះសារប្រកែក មិនទទួលស្គាល់ពីការកើតមានបទល្មើសព្រៃឈើ ក្នុងទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ ។

កន្លងមកបទល្មើសព្រៃឈើធំៗជាច្រើនករណី បានកើតឡើងនៅខេត្តមណ្ឌលគិរីនេះ ជាក់ស្តែងដូចជា បទល្មើសនៅតំបន់អូរហ៊ុច ដែលអាជ្ញាធរខេត្តមណ្ឌលគិរី បានបើកដៃឲ្យជនជាតិជាតិវៀតណាម យកគ្រឿងចក្រចូលកាប់ឈើរាប់សិបម៉ែត្រគូប នាំទៅប្រទេសវៀតណាម ហើយសំណុំរឿងនេះ ស្ថិតនៅក្នុងចំណាត់ការរបស់តុលាការរាជធានីភ្នំពេញនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង