ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជួលរថយន្ត ២គ្រឿង បែរជាយកទៅបញ្ចាំ ត្រូវម្ចាស់ប្តឹង ឲ្យសមត្ថកិច្ចចាប់ខ្លួន

65


កណ្តាល៖ ប៉ូលីសស្រុកស្អាង ឃាត់ខ្លួនបុរសម្នាក់ តាមបណ្តឹងរបស់ជនរងគ្រោះ ដែលឆបោករថយន្ត២គ្រឿង និងប្រាក់ជាង៦ពាន់ដុល្លារ ដែល ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី ១៦សីហា២០១៨ វេលាម៉ោង ១៣.០០នាទី នៅចំនុចភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះ ឈ្មោះ សេង ប៊ុនសិញ ភេទប្រុស អាយុ ៤១ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យឈ្មោះ ឃិន វឌ្ឍនា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ:បុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។ សម្ភារបាត់បង់រួមមានៈ រថយន្ដចំនួន ២គ្រឿងម៉ាកLEXUS RX300 ចំនួន ១គ្រឿង ស្លាកលេខភ្នំពេញ 2AU.7052 ម៉ាកHIYUNDAI MIGTHIY ស្លាកលេខ:ភ្នំពេញ3B.9486 និងប្រាក់ដល្លារចំនួន: ៦៦៣០ដុល្លារ។ វត្ថុតាងចាប់យក(គ្មាន)

នគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅថ្ងៃទី១៦សីហា២០១៨ វេលាម៉ោង ១០.៣០នាទី ឈ្មោះឃុន វឌ្ឍនា បានធ្វើកិច្ចសន្យាទិញលក់រថយន្ត ១គ្រឿងម៉ាក COROLA សេរីឆ្នាំ1994 ក្នុងតំលៃ ៣៩០០ដុល្លារ ដោយសន្យាប្រគល់លុយនៅម៉ោង១៤.០០នាទី ថ្ងៃខែដដែលឲ្យជនរងគ្រោះ។ លុះដល់ម៉ោងកំណត់ជនរងគ្រោះមកយកលុយមិនបាន ហើយជនរងគ្រោះ ក៏សួរទៅជនសង្ស័យពីឡានចំនួន២គ្រឿង ដែលជនសង្ស័យបានជួលពីជនរងគ្រោះ រយះពេល២ខែកន្លងមកនោះនៅឯណា ? ជនសង្ស័យបានឆ្លើយថា: រថយន្តទាំង២គ្រឿងនោះ ខ្លួនបានយក ទៅដាក់បញ្ចាំនៅនឹងឈ្មោះ ផល វិចិត្រ ភេទប្រុស អាយុជាង ៣០ឆ្នាំ លក់សាំងនៅគល់ស្ពានព្រែកសំរោងតាខ្មៅ ត្រើយខាងកើត ក្នុងតំលៃ ១៥.០០០ដុល្លារ ។ ទន្ទឹមនោះជនសង្ស័យ បានចងការប្រាក់ពីជនរងគ្រោះចំនួនសរុប ២.៧៣០ដុល្លារ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨បន្ថែមទៀត ថាយកទៅទិញប្រេង។
បន្ទាប់មកជនរងគ្រោះ បានមកប្ដឹងសមត្ថកិច្ចនគរបាលស្រុកស្អាង ។
ក្រោយទទួលបណ្ដឹង កម្លាំងសមត្ថកិច្ចបានហៅឈ្មោះ ឃិន វឌ្ឍនា មកសាកសួរនៅអធិការដ្ឋាននគរបាល ស្រុកស្អាង។
នៅវេលាម៉ោង១៨និង១០នាទីថ្ងៃទី១៦ខែសីហាឆ្នាំ២០១៨ លោកលាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្ដាល អនុញ្ញាត្ដឲ្យឃាត់ខ្លួន ឈ្មោះឃិន វឌ្ឍនា ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង