ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រនឹងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋបានលឿន ស្របទៅនិងកំណើតសេដ្ឋកិច្ចជាតិ

111
ភ្នំពេញ៖ ក្រុមការងារមន្ទីរផែនការរាជធានីភ្នំពេញ បានរៀបចំសិក្ខាសាលាស្តីពី ដំណើរការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ជុំទី១២ ឆ្នាំ២០១៨ ជូនដល់ អ្នកផ្តល់សេវា អង្គការ ខណ្ឌ សង្កាត់នានា ក្នុងរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ការយល់ដឹងដល់គ្រប់ភាគីពាក់ព័ន្ធនានារបស់រដ្ឋបាលរាជធានីភ្នំពេញ អំពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងផ្តល់ការគាំទ្រ ចូលរួមក្នុងដំណើរការ ការងារនេះ អោយទទួលបានជោគជ័យ ។
   សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ រួមនិង អាជ្ញាធរមូលដ្ឋាន អង្គការ មន្ត្រីជំនាញពាក់ព័ន្ធជាច្រើនទៀត នៅរសៀលថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៨នេះ នាសាលារាជធានីភ្នំពេញ ។
   លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា សិក្ខាសាលាស្តីពីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ គឺជាការផ្សព្វផ្សាយនិងស្វែងយល់ពីទិន្នន័យគ្រួសារក្រីក្រពិតប្រាកដ នៅក្នុងមូលដ្ឋានឃុំ សង្កាត់នីមួយៗ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័ននានា ដើម្បីយកមកធ្វើជាឧបករណ៍បំរើអោយ កម្មវិធីប្រព័ន្ធសុវត្តិភាពសង្គម ដូចជាការផ្តល់សេវាសុខភាព ការផ្តល់អាហារូបករណ៍ ការផ្តល់សេវាកសិកម្ម ការផ្តល់ដីសប្បទានសង្គមកិច្ច ការផ្តល់ស្បៀងអាហារ និងការផ្តល់សេវាសំណូមពរ ព្រមទាំងការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគក្នុងមូលដ្ឋានរបស់អាជ្ញាធរផងដែរ ។
   លោកបានបញ្ជាក់ នៅរាជធានីភ្នំពេញ អត្រាភាពក្រីក្របានធ្លាក់ចុះកម្រិត ៩,៩% ប៉ុណ្ណោះក្នុងឆ្នាំ២០១៦ ។ ទាក់ទិនទៅនិងកំណើននៃទំហំផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ កាលពីឆ្នាំ២០១២ មានត្រឹមតែ៩៣១ដុល្លាប៉ុណ្ណោះក្នុងមួយខែ បានកើនឡើងរហូតដល់ ៣៨០០ដុល្លា គិតត្រឹមឆ្នាំ២០១៦ និងបន្តកើនឡើងជាលំដាប់ទៅតាមសេដ្ឋកិច្ចជាតិ ។
    លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានផែនការ បានបានអោយដឹងដែរថា  គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើង ទី១ផ្តល់ឱកាសអោយភាគីពាក់ព័ន្ធ អ្នកផ្តល់សេវា ខណ្ឌ សង្កាត់នានា បានទទួលព័ត៌មាន ស្តីពីប្រភពទិន្នន័យ និងការចែកចាយទិន្នន័យគ្រួសារក្រីក្រ ព្រមទាំងអត្រាភាពក្រីក្រនៅតាមតំបន់ ។ ទី២ ជំរុញអោយមានការផ្សព្វផ្សាយបន្ត ដើម្បីអោយភាគីពាក់ព័ន្ធ អង្គការនានា និងបណ្តាខណ្ឌ សង្កាត់ ប្រើប្រាស់សេវាទិន្នន័យគ្រួសារក្រីក្រ និងតារាងប្រៀបធៀបផែនអត្រាក្រីក្រ ដើម្បីរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋាន ផ្តល់សេវាដល់គ្រួសារក្រីក្រអោយចំគោលដៅ ។ ទី៣ គឺការលើកទឹកចិត្ត ដល់អ្នកពាកព័ន្ធ អង្គការនានា អ្នកផ្តល់សេវា និងខណ្ឌ សង្កាត់ ប្រើប្រាស់បញ្ជីរគ្រួសារក្រីក្រ ដើម្បីផ្តល់សេវា និងអនុវត្តន៍សហគមន៍ក្រីក្រ គ្រួសារក្រីក្រអោយមានប្រសិទ្ធភាព និងចំគោលដៅ ។
  លោកបានបន្តថា ដើម្បីធានាបាននូវប្រសិទ្ធភាព និងពន្លឿនការកាត់បន្ថយភាពក្រីក្រអោយបានកាន់តែឆាប់រហ័សនោះ ក្រសួងផែនការបានរៀបចំ បង្កើនសំនុំអន្តរាគមន៍សេវាចំនួន២ទៀត គឺ សំនុំអន្តរាគមន៍សេវាដើម្បីបង្កើនចំណូល និងសំនុំអន្តរាគមន៍សេវាដើម្បីកាត់បន្ថយចំនាយ ដោយផ្តោតអោយចំគ្រួសារក្រីក្រ និងជនងាយរងគ្រោះបំផុត ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងអភិវឌ្ឍន៍ធនធានមនុស្ស រួមនិងការ ការពារជនក្រីក្រពីវិបត្តិដែលអាចបណ្តាលអោយធ្លាក់ទៅក្នុងភាពក្រីក្រ ។
   លោកថេង បញ្ញាធន បានធ្វើការជម្រុញដល់ មន្ត្រីពាក់ព័ន្ធនានា ត្រូវយកចិត្តទុកដាក់ ចាប់យកការយល់ដឹងដើម្បីយកទៅ ចូលរួមចំណែក តាមដាន និងផ្តល់ការណែនាំ អោយការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅរាជធានីភ្នំពេញ ទទួលបានជោគជ័យ និងទទួលបាននូវទិន្នន័យគ្រួសារក្រីក្រដែលមានលក្ខណៈសុក្រិតជូនប្រជាពលរដ្ឋ ៕
អត្ថបទដែលជាប់ទាក់ទង