លោក គឹម សុខ អះអាងថា គ្មានបំណងរត់គេចខ្លួន ទៅក្រៅប្រទេស នោះទេ
ភ្នំពេញ៖ លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ត្រូវបានតុលាការដោះលែង ឲ្យមានសេរីភាពវិញហើយ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ។ លោក គឹម សុខបានចេញពីពន្ធនាគារព្រៃស នៅម៉ោងប្រមាណជាង9:40នាទីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។
មន្ដ្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ត្រូវហើយលោក គឹម សុខ ត្រូវបានតុលាការដោះលែង ឲ្យចេញពីពន្ធនាគារនៅថ្ងៃនេះ ក្រោយអនុវត្តការជាប់ទោសដល់ថ្ងៃកំណត់។
លោក គឹម សុខ ជាអ្នកវិភាគសង្គម កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក គី ប្ញទ្ធី សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ១៨ខែ និងពិន័យប្រាក់ចំនួន៨លានរៀល រួមនឹងប្រាក់សងជំងឺចិត្តដល់ដើមបណ្តឹង៨០០លានរៀល ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍។ ការផ្តន្ទាទោសនេះ ធ្វើឡើងបន្ទាប់ពីលោក គឹម សុខ បានញុះញង់ និងបរិហារកេរ្តិ៍គណបក្សប្រជាជនកម្ពុជាថា នៅពីក្រោយឃាតកម្មបណ្ឌិត កែម ឡី។
លោក គឹម សុខ បាននិយាយប្រាប់អ្នកសារព័ត៌មានថា “នេះជារឿងយុត្តិធម៌ក្នុងមួយជីវិតរបស់ខ្ញុំ” ហើយលោកបានអះអាងថា “ខ្ញុំនឹងធ្វើរឿងរបស់ខ្ញុំ តាមឆន្ទៈរបស់ខ្ញុំបន្តទៀត ដែលជាបេសកកម្មនិងកាតព្វកិច្ច។” លោកបានបញ្ជាក់យ៉ាងខ្លីថា លោកមិនមានគម្រោងរត់គេចខ្លួនទៅក្រៅប្រទេសរកសេចក្តីសុខនោះទេ។ លោក បានថ្លែងថា “គម្រោងដែលចេញទៅក្រៅប្រទេស ដើម្បីចូលរួមក្នុងកិច្ចការងារ និងសិក្ខាសាលាអ្វីមួយនោះ គឺមាន ប៉ុន្តែគម្រោងចេញទៅប្រទេស ក្នុងបំណងគេចខ្លួន ឬហេតុផលរកសេចក្តីសុខសម្រាប់ខ្លួនឯង ពីប្រទេសកម្ពុជានោះ គឺគ្មានទេ”៕