ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានី ត្រៀមកម្លាំងសមត្ថកិច្ចគ្រប់គ្រាន់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ

65
ភ្នំពេញ៖ នៅថ្ងៃទី២០ និង២១ ខែសីហា ខាងមុខនេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងចាប់ផ្តើមហើយ ជាមួយគ្នានេះរដ្ឋបាលរាជធានីភំ្នពេញ ត្រៀមដាក់កម្លាំងសមត្ថកិច្ចនៅគ្រប់មណ្ឌលប្រឡងទាំង២៥ និងមណ្ឌលកំណែទាំង១០ នៅភ្នំពេញ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អប្រសើរ
ដល់បេក្ខជនប្រឡងជាង២ម៉ឺននាក់។
   នេះបើតាមការលើកឡើង ក្នុងកិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ នៅថ្ងៃប្រឡងបាក់ឌុប កាលពីព្រឹកថ្ងៃទី១៧ ខែសីហា នេះ នៅសាលារាជធានីភ្នំពេញ ដោយមានវត្តមានអាជ្ញាធររាជធានី តំណាងក្រសួងអប់រំយុវជននិងកីឡា និងតំណាងអោយអង្គភាពប្រឆាំងអំពើពុករលួយ។
  លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ អះអាងថា អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមកម្លាំងសមត្ថកិច្ចគ្រប់គ្រាន់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២០ និង២១ខែសីហា ដើម  សប្តាហ៍ក្រោយនេះ។ ចំពោះចំនួនកម្លាំងការសន្តិសុខសណ្តាប់ធ្នាប់ពិតប្រាកដប៉ុន្មាននោះ លោកអភិបាលរងរូបនេះ មិនបានបញ្ជាក់អោយដឹងពីចំនួននោះទេ ព្រោះថាវាជាសន្តិសុខសង្គមជាតិ។
  លោក នួន ផារ័ត្ន បានលើកឡើងថា នៅថ្ងៃទី២០ និងថ្ងៃទី២១ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់កម្លាំងនគរបាលចរាចរណ៍ គ្រប់ដងផ្លូវសំខាន់ៗទាំងអស់ ជាពិសេសផ្លូវចេញចូលទៅមណ្ឌលប្រឡងទាំង២៥ នៅរាជធានីភ្នំពេញ ចាប់ពីម៉ោង៥ព្រឹកតទៅ ដោយសារបេក្ខជនប្រឡងនៅរាជធានីភ្នំពេញទាំងអស់មានចំនួនជាង២ម៉ឺននាក់។
  លោក ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ថ្លែងថា នេះជាលើកទី៥ ហើយ ដែលក្រសួងអប់រំធ្វើកំណែទម្រង់នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលមានអ្នកសង្កេតការណ៍ ចូលរួមតាមគ្រប់សកម្មភាព របស់បេក្ខជនប្រឡង។ ចំពោះកំណែទម្រង់នៃការប្រឡងទាំង៤ លើកកន្លងទៅគឺទទួលបានជោគជ័យដ៏ធំធេង។
  លោក អនុរដ្ឋលេខាធិការ អោយដឹងថា មណ្ឌលប្រឡងនៅរាជធានីភ្នំពេញមានចំនួន២៥ មណ្ឌល គិតជាបន្ទប់ប្រឡងមានចំនួន៩១៣បន្ទប់ ដែលមានបេក្ខជនប្រឡងចំនួន ២២៧៧៨នាក់។       ជាមួយគ្នា លោក បានស្នើអោយគ្រប់ស្ថាប័នពាក់ព័ន្ធ និងសមត្ថកិច្ចត្រូវបន្ដកិច្ចសហការ គាំទ្រ ដើម្បី ធ្វើការសម្របសម្រួល បេក្ខជនក្នុងអំឡុងពេលប្រឡងសញ្ញាបត្រសិក្សាទុតិយភូមិ ឆ្នាំនេះប្រ  ព្រឹត្តទៅទទួលបានភាពល្អប្រសើរ។
 លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ  ក្នុងកិច្ចប្រជុំនោះបានស្នើអោយអាជ្ញាធររាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ ២៤ម៉ោង លើ២៤ម៉ោង នៅតាមមណ្ឌលប្រឡងទាំងអស់ និងការពារសុវត្ថិភាពនៅមណ្ឌលទាំង១០កន្លែងនៅរាជធានីភ្នំពេញរហូត ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។  ចំពោះអ្នកសង្កេតការណ៍សំរាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ លោក ឃាង សេង    អោយដឹងថា គឺអង្គការភាពដាក់អ្នកសង្កេតការណ៍ស្មគ្រចិត្ត ចំនួន១១១៤នាក់ ទូទាំង២៥មណ្ឌលប្រឡង។
  លោកបានលើកឡើងទៀតថា  គ្រប់បេក្ខជនប្រលងទាំងអស់ និងអ្នកពាក់ព័ន្ធនានា បើធ្វើអោយបែកធ្លាយវិញ្ញាសារជាសាធារណៈ  គឺជាប់ទោសព្រហ្មទណ្ឌ ហើយបើមានការបែកធ្លាយវិញ្ញាសារមែននោះ អង្គភាពប្រឆាំងអំពើពុករលួយនឹងបើកការស្រាវជ្រាវស៊ើបអង្កេតឃាត់ខ្លួនជនល្មើសអោយខានតែបាន។ ភាពសំងាត់ នៃវិញ្ញាសារប្រលង ជារឿយៗ ACU និងក្រសួងអប់រំ តែងតែដាស់តឿនអោយបេក្ខជនប្រលង អ្នកសង្កេតការណ៍ មេប្រយោគ គ្រួអនុរក្ស និងអ្នកពាក់ព័ន្ធនានា ហាមដាច់ការថតវិញ្ញាសារ និងការរក្សាភាពសំងាត់នៃវិញ្ញាសា រ ដែលសូម្បីតែការថតរក្សាទុកផ្ទាល់ខ្លួន ក៏មិនអនុញ្ញាត អោយថតដែរ ហើយអ្នកថតនោះ បើចាប់បាន ក៏ត្រូវមានទោសដូចគ្នាដែរ៕

អត្ថបទដែលជាប់ទាក់ទង