ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថខេត្តរតនគិរី បង្ក្រាបរថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត

72


រតនគិរី ៖ កងកម្លាំងកងរាជអាវុធហត្ថ បានចេញបង្រ្កាបរថយន្តមួយគ្រឿង និងដកហូតវត្ថុតាងដែល មានឈើប្រភេទលេខ១ ឈើសុក្រំ សរុបចំនួន ២៥ដុំ ស្មើ០,៩៥៧ម៉្រែតគូប ដែលឈ្មួញឈើដឹកជញ្ជូន បម្រុងឆ្លងដែនទៅលក់នៅប្រទេសវៀតណាម។

កម្លាំងកងរាជអាវុធហត្ថ បានឲ្យដឹងថា ព្រឹកថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកវរសេនីយ៍ទោ ណុប ប៉ូលី បានចុះបង្ក្រាបបទល្មើសព្រៃឈើ ដោយឃាត់រថយន្តមួយគ្រឿងម៉ាកតូយូតា កាម៉ារី (បាឡែន) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ.ព២ ៨៣៥១ នៅតាមដងផ្លូវជាតិ៧៨អា ក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ វត្ថុតាងដែលរឹបអូសបានមានឈើប្រភេទលេខ១ ឈើសុក្រំសរុបចំនួន ២៥ដុំ ស្មើ០,៩៥៧ម៉្រែតគូប។ បច្ចុប្បន្នវត្ថុតាង បានប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើដើម្បីចាត់ការតាមនីតិវិធី។

ចំណែក កាលពីថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកវរសេនីយ៍ទោ ណុប ប៉ូលី បានឃាត់រថយន្តសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ2Tភ.ព7679 ដឹកឈើគ្មានលិខិតអនុញ្ញាត បម្រុងដឹកចេញយកទៅលក់នៅប្រទេសវៀតណាម ចំពោះរថយន្តនេះ ត្រូវកងកម្លាំង​បានឃាត់ក្នុងភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ បច្ចុប្បន្នវត្ថុតាងប្រគល់ ជូនខណ្ឌរដ្ឋបាលព្រៃឈើស្រុកបរកែវ ខេត្តរតនគិរី ដើម្បីធ្វើការវាស់វែង ៕

អត្ថបទដែលជាប់ទាក់ទង