ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង់គ្លេស-កម្ពុជា ពង្រឹងលើបញ្ហាបច្ចេកវិទ្យា និងតិចណូឡូជី បញ្ហាដោះមីន បញ្ហាពាណិជ្ជកម្ម បញ្ហាលើកកម្ពស់ស្ត្រី

94


ភ្នំពេញ៖ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ដើម្បីបង្កើនចំណងមិត្តភាព អង់គ្លេសជាមួយនឹងកម្ពុជា លោកស្រីនឹងផ្ដោត ការយកចិត្តទុកដាក់ ទៅលើបញ្ហាបច្ចេកវិទ្យា និងតិចណូឡូជី បញ្ហាដោះមីន បញ្ហាពាណិជ្ជកម្ម បញ្ហាលើកកម្ពស់ស្ត្រី និងបញ្ហាអប់រំផងដែរ។

នៅវិមានសន្តិភាព ព្រឹកថ្ងៃសុក្រទី១៧ ខែសីហាឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Tina Susan Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា។

នៅក្នុងជំនួបនេះលោកស្រី បានជម្រាបជូនសម្ដេចតេជោថា ក្នុងដំណើរបេសកកម្មការទូតរបស់លោកស្រី៦សប្តាហ៍ របស់លោកស្រីនៅព្រះរាជាណាចក្រកម្ពុជានេះ គឺលោកស្រីបានទទួលនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត។ ហើយក្នុងបេសកកម្មបន្តទៀតនេះដែរ នៅកម្ពុជា លោកស្រី នឹងធ្វើអ្វីគ្រប់បែបយ៉ាងទាំងអស់ ដើម្បីពង្រឹងទំនាក់ទំនងទ្វេរភាគី រវាងកម្ពុជា និងចក្រភពអង់គ្លេស។

លោកស្រី Tina Susan Redshaw ក៏បានជម្រាបជូនសម្ដេចតេជោផងដែរថា លោកស្រីនឹងផ្ដោតការយកចិត្តទុកដាក់ ទៅលើបញ្ហាបច្ចេកវិទ្យា និងតិចណូឡូជី យកចិត្តទុកដាក់ទៅលើបញ្ហាដោះមីន ក្នុងន័យនេះលោកស្រី បានជម្រាបជូនសម្ដេចថា ចក្រភពអង់គ្លេស នឹងបន្តធ្វើកិច្ចការងារនេះ ជួយដល់កម្ពុជាតទៅទៀត។ លោកស្រី ក៏បានគូសបញ្ជាក់ទៀតថា នឹងបន្តយកចិត្តទុកដាក់ទៅលើបញ្ហាពាណិជ្ជកម្ម បញ្ហាលើកកម្ពស់ស្ត្រី និងបញ្ហាអប់រំផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់ចក្រភពអង់គ្លេស ក៏ដូចជាប្រជាជនអង់គ្លេស ដែលបានជួយដល់កម្ពុជា ជាពិសេសលើវិស័យអប់រំ ជួយបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាកត្តាសំខាន់របស់កម្ពុជា និងសូមអរគុណផងដែរ ដែលចក្រភពអង់គ្លេស បានជួយកម្ពុជាលើវិស័យដោះមីន។ សម្ដេចតេជោ បានមានប្រសាសន៍ថា នៅកម្ពុជាមានមជ្ឈមណ្ឌលដោះមីនអាស៊ាន ដែលមានវិសាលភាពធំ ជួយដល់បណ្ដាប្រទេសក្នុងតំបន់ផង និងចូលរួមចំណែកក្នុងការងារ អង្គការសហប្រជាជាតិ ក្នុងការដោះមីនផងដែរ ដូច្នេះគប្បីពិចារណាពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យនេះបន្ថែមទៀត។

ពាក់ព័ន្ធនឹងការលើកកម្ពស់ស្ត្រីសម្តេចតេជោ បានជម្រាបជូនថា កម្ពុជាយើងមានកូតាស្ត្រីសម្រាប់ស្ត្រី ចាប់តាំងពីថ្នាក់ស្រុក ខេត្ត រហូតដល់ជួរកងទ័ព នគរបាល ក៏ដូចជាស្ថាប័នផ្សេងៗដែរ។​ លើសពីនោះទៅទៀត រាជរដ្ឋាភិបាលក៏បានយកចិត្តដាក់ កសាងសាលារៀន នៅគ្រប់ទីកន្លែងដែលស្ត្រីអាចចូលរៀនបាន ហើយក៏មានការសាងសង់អន្តេវាសិកដ្ឋាន សម្រាប់ស្ត្រីផងដែរ។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា ថ្មីៗនេះកម្ពុជា ក៏បានអនុវត្តគោលនយោបាយ គាំពារសង្គម ដែលជួយទៅដល់ស្ត្រី ជាពិសេសកម្មការិនីកម្ពុជា ដែលមានផ្ទៃពោះ ដែលក្នុងនោះពួកគេ ទទួលបានការឈប់សម្រាកបាន៣ខែ ក្នុងពេលឆ្លងទន្លេ និងទទួលបានប្រាក់បៀវត្សរ៍១២០ភាគរយ ទៀតផង៕

អត្ថបទដែលជាប់ទាក់ទង