ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការងារបើកផ្តល់ប្រាក់ខែ ដល់កម្មករនៃរោងចក្រ ជូលី អាប់ភែរីល​ ក្រោយពេលថៅកែ​រោងចក្រ ចងក​សម្លាប់​ខ្លួន

65


ភ្នំពេញ៖ ក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ បានសេចក្តីជូនដំណឹង ស្តីពីពិនិត្យបញ្ជីបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ ដល់បងប្អូនកម្មករនិយោជិតនៃរោងចក្រ ជូលី អាប់ភែរីល ដែលមានទីតាំងស្ថិនៅ ដីឡូត៍លេខ ២៨៨ ផ្លូវលេខ ៦៨K ភូមិចំការឳឡឹកទី១ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កម្មករ កម្មការិនី ជាង​២០០​នាក់ នៅ​រោងចក្រ ជូលី អាប់ភើរ៉ែល (Jullee Apperal) នៅ​ខណ្ឌ​ពោធិ៍សែនជ័យ នាំគ្នា​បិទ​ផ្លូវ​ជាថ្មី ដើម្បី​ទាមទារ​រក​ដំណោះស្រាយ បន្ទាប់​ពី​ពួកគាត់ បាន​នាំគ្នា​ឈរ និង​ដេក​យាម មុខ​រោងចក្រ រង់ចាំ​ដំណោះស្រាយ​ជិត​កន្លះ​ខែ​ហើយ ដោយសារ​ថៅកែ​រោងចក្រ ចងក​សម្លាប់​ខ្លួន និង​អ្នកគ្រប់គ្រង​រោងចក្រ បាន​នាំគ្នា​រត់ចោល​រោងចក្រ។

ក្រសួងការងារ បានឲ្យដឹងថា បងប្អូនកម្មករនិយោជិតទាំងអស់ អញ្ជើញមកបើកថវិកាដោយផ្ទាល់ដៃ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅសាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖ ១. កាតសម្គាល់ខ្លួនកម្មករនិយោជិត ក្នុងរោងចក្រ (ច្បាប់ដើម) និងសៀវភៅការងារ ឬប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬកិច្ចសន្យាការងារ។ ២. ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។

កម្មករ កម្មការិនី ជាង​២០០​នាក់ នៅ​រោងចក្រ ជូលី អាប់ភើរ៉ែល (Jullee Apperal) បាន​ទាមទារ​រក​ដំណោះស្រាយ ដោយសារ​ថៅកែ​រោងចក្រ ចងក​សម្លាប់​ខ្លួន និង​អ្នកគ្រប់គ្រង​រោងចក្រ បាន​នាំគ្នា​រត់ចោល​រោងចក្រ។
កម្មករ​រោងចក្រ ជូលី ទទូច​ឲ្យ​មន្ត្រី​ក្រសួង​ការងារ​ពន្លឿន ការ​រក​ដំណោះស្រាយ​ឲ្យ​កម្មករ​ឲ្យ​បាន​លឿន ព្រោះ​កាលពី​ថ្ងៃ​ទី​១០ សីហា ដល់​ថ្ងៃ​កម្មករ ត្រូវ​បើក​ប្រាក់ខែ និង​ដល់​ថ្ងៃ​បង់ថ្លៃ​បន្ទប់​ជួល បង់​លុយ​ការ​ជំពាក់​ធនាគារ និង​ថ្លៃ​កូន​សិក្សា។
កម្មករ​បន្ដ​ថា ប្រាក់​ឈ្នួល​ខែ​កក្កដា ដែល​រោងចក្រ​ជូលី នៅ​ជំពាក់​កម្មករ គឺ​ចន្លោះ​ពី ២៥០​ដុល្លារ ទៅ​៣០០​ដុល្លារ ក្នុង​ម្នាក់ៗ និង មិន​ទាន់​មាន​ប័ណ្ណ​បេឡា​របប​សន្តិសុខ​សង្គម (ប.ស.ស) សម្រាប់​កម្មករ​នៅឡើយ​ទេ។ កម្មករ​រោងចក្រ​នេះ បាន​ផ្ទុះ​ការ​តវ៉ា ក្រោយពេល​ដឹង​ថា ថៅកែ​ជនជាតិ​កូរ៉េ​ខាងត្បូង បាន​ចងក​សម្លាប់​ខ្លួន នៅ​ក្នុង​ផ្ទះ​ជួល ជិត​រោងចក្រ នៅ​កំឡុង​ថ្ងៃ​បោះឆ្នោត កាល​ពី​ចុងខែ​កក្កដា កន្លង​ទៅ​នេះ៕

អត្ថបទដែលជាប់ទាក់ទង