ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញអ្នកជំងឺកូវីដ-១៩ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ២៥នាក់ ដែលជាអាជីវករផ្សារលើ ក្រុងព្រះសីហនុ

33

 

ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នេះ បានរកឃើញអ្នកជំងឺកូវីដ-១៩ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ២៥នាក់ ដែលជាអាជីវករផ្សារលើ ក្រុងព្រះសីហនុ។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់លោក លោកស្រី អាជីវករ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានទៅកាន់ទីតាំងតូបលក់ដូរខាងលើ ឬធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ត្រូវយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុ សំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅវេទិកា ៧មករា នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើ ចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួនឱ្យបានត្រឹមត្រូវរយៈពេលពេល ១៤ថ្ងៃ។

បន្ថែមលើនោះអ្នកពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅយ៉ាងតិច ២ដងក្នុង មួយថ្ងៃ ត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋ និង សាធារណជនទាំងអស់ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់បំផុត។ ករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជា ឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អកកណ្ដាស់ ហៀរ សំបោរ ឈឺបំពង់ក មានកំហាត ថប់ដង្ហើម…។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត
ឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៕

 

អត្ថបទដែលជាប់ទាក់ទង