វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលកម្ពុជា បញ្ជាទិញពីចិនបានមកដល់ហើយ
ភ្នំពេញ ៖ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីរដ្ឋាភិបាលចិន បានដឹកមកដល់ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១
វ៉ាក់សាំងចិនSinovacដែលជាការបញ្ជាទិញជំហានទីពីររបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន៥០ម៉ឺនដូសបានដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញនាថ្ងៃទី១៧ ខែមេសានេះ។ ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ទោះបីជាប្រទេសចិនស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែបប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។ សង្ឃឹមថាវ៉ាក់សាំងចិនអាចរួមចំណែកយ៉ាងសកម្មជូនដល់ប្រជាជនកម្ពុជាក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩។
សូមបញ្ជាក់ថា កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៣លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ១.៥លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។
តាមរយៈវ៉ាក់សាំងដែលកម្ពុជាទទួលបាននោះ កម្ពុជាបានចាក់ជូនប្រជាពលរដ្ឋបានជាង ១.២លាននាក់ហើយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា នឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង ២០លានដូស ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពសុាំ៕