អភិបាលរាជធានី បើបងប្អូនប្រជាពលរដ្ឋ នៅតែបន្តធ្វើដំណើរ នៅក្នុងរាជធានីភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញ នឹងអនុវត្តវិធានការច្បាប់ មិនមានការយោគយល់ទេ
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញបានប្រកាសថា បើបងប្អូនប្រជាពលរដ្ឋ នៅតែបន្តធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ ខណៈដែលអាជ្ញាធររាជធានីភ្នំពេញកំពុងតែរិតបន្តឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញនេះ អាជ្ញាធររាជធានីភ្នំពេញ នឹងអនុវត្តវិធានការច្បាប់ មិនមានការយោគយល់ឡើយ ពោលគឺនៅពេលដែលសមត្ថកិច្ចពិនិត្យទៅឃើញថា មិនមានសិទ្ធិឬគ្មានឯកសារ ក្នុងការអនុញ្ញាត អាជ្ញាធរនឹងធ្វើការឃាត់ខ្លួន ដើម្បីអនុវត្តទៅតាមច្បាប់។
នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៧ ខែមេសានេះ ខណៈដែលលោកនិងអភិបាលរងរាជធានីភ្នំពេញ ចុះទៅពិនិត្យដល់ទីតាំងបិទខ្ទប់ ត្រង់ចំណុចគោលដៅស្ពានក្បាលថ្នល់ ស្របពេលដែលទីតាំងនេះមានការកកស្ទះចរាចរណ៍ដោយប្រជាពលរដ្ឋបានធ្វើដំណើរ ដែលជាហានិភ័យនៃការឆ្លងីករាលដាលជំងឺកូវីដ-១៩ ។
ក្នុងឱកាសនោះ លោកឃួង ស្រេង បានណែនាំ ឱ្យកម្លាំងសមត្ថកិច្ច និងបានប្រាប់ឱ្យប្រជាពលរដ្ឋទាំងអស់ ធ្វើការបកក្រោយ ហើយប្រសិនបើមិនគោរពតាមទេ និងធ្វើការពិន័យទៅតាមច្បាប់។ លោកបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ បើនៅតែបន្តធ្វើដំណើរ នៅក្នុងរាជធានីភ្នំពេញ ខណៈដែលអាជ្ញាធររាជធានីភ្នំពេញ កំពុងតែរិតបន្តឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញនេះ អាជ្ញាធររាជធានីភ្នំពេញ នឹងអនុវត្តវិធានការច្បាប់ ដោយមិនមានការយោគយល់ឡើយ មានន័យថា នៅពេលដែលសមត្ថកិច្ចពិនិត្យទៅឃើញថា មិនមានសិទ្ធិ ឬគ្មានឯកសារ ក្នុងការអនុញ្ញាឲ្យធ្វើដំណើរទេ អាជ្ញាធរនឹងធ្វើការឃាត់ខ្លួន អនុវត្តទៅតាមច្បាប់តែម្តង៕