តុលាការសម្រេចឃុំខ្លួន ឧត្តមសេនីយ៍ផ្កាយ២ និងបក្ខពួក២នាក់ ពីបទ «ការរារាំងដល់ការអនុវត្តវិធានការ» ដែលជួបជុំស៉ីផឹក ល្មើសវិធានការបិទខ្ទប់ រាជធានីភ្នំពេញ
ភ្នំពេញ៖ ចៅក្រមជំនុំជម្រះលោក អ៊ុក សុវណ្ណារិទ្ធ បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនជនត្រូវចោទទាំង៣នាក់ ម្នាក់ជានគរបាលពាក់ផ្កាយពីរ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ទៅដាក់ពន្ធនាគារព្រៃសរ ហើយនៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ។ នេះបើតាមការឲ្យដឹងពី លោក គុជ គឹមឡុង អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន លោក គុជ គឹមឡុង បានបញ្ជាក់ថា ការសម្រេចឃុំខ្លួនរបស់ចៅក្រមស៉ើបសួរ បន្ទាប់ពីព្រះរាជអាជ្ញារង លោក ឡុង ជាប បានសម្រេចចោទប្រកាន់បុគ្គលទាំង៣នាក់នេះ «ការរារាំងដល់ការអនុវត្តវិធានការ» បានមាត្រា១១ នៃច្បាប់ស្ដីពីការទប់ស្កាត់ជំងឺកូវីដ១៩ និងការទប់ស្កាត់ជំងឺឆ្លងរីករាលដាលផ្សេងៗ និងដោយអនុវត្តនីតិវិធីបង្ហាញខ្លួនភ្លាម តាមមាត្រា៤៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
យោងតាមមាត្រា១១ នៃច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មានចែងអំពី «ការរារាំងដល់ការអនុវត្តវិធានការ» ដោយកំណត់ថា អំពើរារាំង ឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការ ដែលបានដាក់ចេញស្រប តាមច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយ) ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី២,០០០,០០០ (ពីរលាន) រៀល ទៅ១០,០០០,០០០(ដប់លាន)រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ) ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥,០០០,០០០ (ប្រាំលាន)រៀល ទៅ ២០,០០០,០០០ (ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឲ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
សូមរំលឹកថា នាយនគរបាលផ្កាយពីរម្នាក់ ដែលល្មើសវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល ហើយបន្ដផឹកស៉ីច្រៀងលេងសប្បាយដែលត្រូវបានចាប់ខ្លួននោះ ត្រូវបានដកស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្ដាញព័ត៌មាទទួលបាននៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
សូមជំរាបថា បន្ទាប់ពីក្រុមគ្រូពេទ្យបានចុះធ្វើសំណាករួចរាល់នៅព្រឹកមិញនេះ ដើម្បីតេស្ដរកមេរោគកូវីដ១៩ទាំង៣នាក់ សមត្ថកិច្ចបានធ្វើការនាំខ្លួន ឧត្តមសេនីយ៍ផ្កាយ២ និងមនុស្ស២នាក់ទៀតល្មើសច្បាប់ និងបំរាមសេចក្តីសម្រេចរាជរដ្ឋាភិបាលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការបើកការស៊ើបសួរ និងឈានទៅរកការចោទន្រកាន់តាមផ្លូវច្បាប់។
កាលពីយប់មិញ កម្លាំងនគរបាលខណ្ឌមានជ័យ បានចាប់វាយខ្នោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អាយុ៤៥ឆ្នាំ មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបក្ខពួក២នាក់ទៀត ដោយសារហ៊ានរៀបចំកម្មវិធីផឹកស៊ី រាំ ច្រៀង និងរហូតមានការលេងប៉ាតម្សៅ ជូនអ្នកជួលបន្ទប់របស់គាត់ជាច្រើននាក់។
ហេតុការណ៍ដ៏គឃ្លើន ក្នុងដំណាក់កាលដែលប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ កំពុងតែទទួលរងការវាយលុកពីជំងឺកូវីដ១៩នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន៖
១៖ ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។
២៖ ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។
៣៖ ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក៕