សម្តេចប្រធានរដ្ឋសភា ថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ដែលបានខិតខំកៀរគរគ្រប់មធ្យោបាយ ដើម្បីទទួលបានវ៉ាក់សំាង មកចាក់ជូនប្រជាពលរដ្ឋ
ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ (AstraZeneca) ដូសទី២ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលដែលបានខិតខំកៀរគរគ្រប់មធ្យោបាយ ដើម្បីទទួលបានវ៉ាក់សំាងមកចាក់ជូនប្រជាពលរដ្ឋ ដែលតាមគម្រោងឱ្យបានប្រមាណ១០លាននាក់ ដើម្បីបង្កើតភាព ស៊ាំនៅក្នុងសហគមន៍ ឈានទៅគ្រប់គ្រងបានលើវីរុសកូវីដ-១៩ ដើម្បីស្តារសេដ្ឋកិច្ចនិងសង្គមជាតិ ចេញពីវិបត្តិជាសកល នេះក្នុងពេលឆាប់ៗខាងមុខនេះ។
ឆ្លៀតឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណផងដែរ ដល់បណ្តាប្រទេសជាមិត្ត ពិសេសសាធារណរដ្ឋប្រមានិតចិន និងដៃគូរអភិវឌ្ឍន៍ជាច្រើនទៀតដូចជាអង្គការសុខភាពពិភពលោកជាដើម ដែលមានជួយឧបត្ថម្ភវ៉ាក់សំាងនិងជំនួយបច្ចេកទេស សម្ភារៈវិទ្យាសាស្រ្តជាច្រើនដល់កម្ពុជា នៅក្នុងការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលកន្លងមក។
សម្តេចបានអំពាវនាវនិងលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅទទួលវ៉ាក់សំាង ដោយឥតគិតថ្លៃនៅ តាមមូលដ្ឋានរបស់ខ្លួន ដើម្បីកាពារអាយុជីវិតរបស់ខ្លួន ក្រុមគ្រួសារ និងសហគមន៍របស់ខ្លួន។ ជាមួយគ្នានេះសម្តេច បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តវិធានការអនាម័យ “៣ការពារ ៣កុំ” ឱ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ទោះជាបានទទួលវ៉ាក់សំាងការពារហើយក្តី។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ជំងឺកូវីដ-១៩នៅតែបន្តគំរាមកំហែង ពិភពលោកក៏ដូចជាកម្ពុជា ក្នុងស្ថានភាព ខ្លំាងក្លានៅឡើយ។ ដូច្នេះដើម្បីការពារទប់ស្កាត់ជំងឺនេះកុំឱ្យឆ្លងរាលដាលកាន់តែខ្លំាងឡើង កត្តាសំខាន់បំផុតគឺការចូល រួមនិងការបេ្តជ្ញាចិត្តពីបុគ្គលម្នាក់ៗ ទើបសង្គមជាតិអាចគេចផុតពីជំងឺរាតត្បាតនេះបាន។
សូមជម្រាបថា អគ្គលេខាធិការដ្ឋានរដ្ឋសភា សហការជាមួយក្រសួងសុខាភិបាល និងមន្ទីរពេទ្យកាល់ម៉ែត បានរៀបចំ កម្មវិធីចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេនីកា (AstraZeneca) ដូសទី២ ជូនថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា និងក្រុមគ្រួសារ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ នៅក្នុងបរិវេណវិមានរដ្ឋសភាតែម្តង៕