ជនសង្ស័យ១២នាក់ ស្ទាក់វាយប្លន់យកម៉ូតូ ត្រូវបញ្ចូនទៅកាន់ សាលាដំបូងខេត្តកំពង់ចាម
កំពង់ចាម ៖ ដោយមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ស្នងការ សមត្ថកិច្ចជំនាញបានបេីកកិច្ចប្រតិបត្តិការ ស្រាវជ្រាវបន្ទាន់ រហូតឈានដល់ការបង្ក្រាបក្រុមចោរលួចមានស្ថានទម្ងន់ទោស ស្ទាក់វាយប្លន់យកម៉ូតូ នៅក្នុងភូមិសាស្រ្តស្រុកជេីងព្រៃ និងស្រុកបាធាយ ។ បច្ចុប្បន្ននេះ ជនសង្ស័យទាំង១២នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចយេីង បញ្ចូនទៅកាន់សាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី ។
នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២១ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជា ដល់កម្លាំងជំនាញរបស់ ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលស្រាល និងកម្លាំងជំនាញរបស់ អធិការដ្ឋាននគរបាលស្រុកបាធាយ ដឹកនាំដោយលោកវរសេនីយ៍ឯក សំ ណាល់ អធិការនគរបាលស្រុកបាធាយ សហការជាមួយកម្លាំងជំនាញ របស់ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដោយក្នុងកិច្ចប្រតិបត្តិការនេះ ក្រោមការដឹកនាំ សម្របសម្រួលផ្ទាល់ពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។
សូមបញ្ជាក់ថា ក្នុងរង្វង់នៃកិច្ចប្រតិបត្តិការ ស្រាវជ្រាវ បង្រ្កាប ករណីលួច មានស្ថានទម្ងន់ទោសនេះ ជាលទ្ធផលសមត្ថកិច្ចយើង បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន១២នាក់ និងដកហូតវត្ថុតាងរួមមានៈ ម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ចំនួន០៤គ្រឿង និងម៉ូតូរបស់ជនរងគ្រោះចំនួន០១គ្រឿង ៕