ទុស្សេខ្សែភ្លើងឆេះផ្ទះលក់ចាបហួយ២ខ្នង
ភ្នំពេញ ៖ ពេលឆ្លងចរន្តអគ្គិសនី ផ្ទុះឆេះដបសាំង ដែលម្ចាស់ផ្ទះទាំង២ដាក់លក់នៅមុខផ្ទះផ្ទះលក់ចាប់ហ៊ួយ២ខ្នង រងការខូចខាតផ្នែកខាងមុខ ស្ទើរតែទាំងស្រុង និងឆេះម៉ូតូអស់មួយគ្រឿងកាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃទី២២ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ច្រកចូលមណ្ឌលឱកាសខ្ញុំ ក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីម្ចាស់ផ្ទះ និងសាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះទាំង២ខ្នង ដែលមានផ្ទះជាប់គ្នានេះ បានអង្គុយលក់ឥវ៉ាន់ចាប់ហ៊ួយ នៅមុខផ្ទះស្រាប់ មានឮសំឡេងផ្ទុះប្រអប់ភ្លើង នៅខាងលើដំបូលបង្កជាអណ្តាតភ្លើង ធ្លាក់មកខាងក្រោមប៉ះចំដបសាំង ដែលម្ចាស់ផ្ទះបានច្រកដាក់លក់ នៅមុខផ្ទះបណ្តាលឲ្យភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅផ្អើលដល់អ្នកជិតខាង និងម្ចាស់ផ្ទះរត់ចែកជើងគ្នាព្រាត ខណៈដែលភ្លើងបានឆេះ សម្ភារៈគ្រឿងចាប់ហ៊ួយ និងម៉ូតូវ៉េវមួយគ្រឿង។
បន្ទាប់ពីមានហេតុការណ៍អគ្គិភ័យ ឆាបឆេះផ្ទះលក់ចាប់ហ៊ួយទាំង២ខ្នងខាងលើនេះ កម្លាំងនគរបាលការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ភ្លាមៗ ដើម្បីជួយអន្តរាគមន៍ បាញ់ទឹកទប់ស្កាត់ ដើម្បីកុំឲ្យមានការឆ្លងរាលដាល ដល់ផ្ទះប្រជាពលរដ្ឋដទៃៗ ដែលនៅក្បែរ និងកន្លែងកើតហេតុខាងលើនេះ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ក្នុងហេតុការអគ្គិភ័យ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង ធ្លាក់ត្រូវជាមួយដបសាំង ក្នុងហេតុការណ៍នេះ ពុំមានបណ្តាលឲ្យមាននរណាម្នាក់ រងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារៈ ម្ចាស់ផ្ទះអស់មួយចំនួនធំ តែប៉ុណ្ណោះ៕