ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ ជីវិតរស់នៅធម្មតាតាមបែបគន្លងថ្មី ឬក៏ធម្មតាដូចមុន ពេលមិនទាន់មានការរាតត្បាតជំងឺកូវីដ-១៩?

344

ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា បន្ទាប់ពីជួបប្រទះការបិទខ្ទប់រួចមក យើងចង់ត្រឡប់ទៅជីវិតធម្មតាវិញ។ ប៉ុន្តែវីរុសកូវីដ-១៩ កំពុងតែចរាចរយ៉ាងទូលំទូលាយនៅក្នុងប្រទេស។ ដូច្នេះយើងត្រូវតែអនុវត្តជីវិតធម្មតារបស់យើង ឱ្យទៅជាធម្មតាបែបគន្លងថ្មីមួយ ក្នុងការការពារការចម្លងវីរុសកូវីដ-១៩ សម្រាប់បុគ្គល សម្រាប់ក្រុមគ្រួសារ និងសម្រាប់សហគមន៍ ប្រសិនបើយើងមិនចង់ឱ្យមាននៃការបើក និងបិទខ្ទប់ ចុះឡើងៗវិញនោះទេ។

ការបាត់បង់ជីវិតនៃស្វាមី និងភរិយា បណ្តាលមកពីជំងឺកូវីដ-១៩ ក្នុងថ្ងៃតែមួយ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ គឺបានពញ្ញាក់ស្មារតី និងបានក្រើនរំលឹកយើងទាំងអស់គ្នាច្បាស់ណាស់ថា កូនៗក្តី ក្រុមគ្រួសារក្នុងផ្ទះជាមួយក្តី និងស្វាមី-ភរិយាក្តី ចាំបាច់ ណាស់ដែលត្រូវតែការពារខ្លួន រាល់ពេលដែលចេញក្រៅផ្ទះ ហើយត្រូវចងចាំថា ពេលត្រឡប់មកផ្ទះវិញ សូមកុំនាំវីរុសចង្រៃនេះចូលផ្ទះឱ្យសោះ ដើម្បីចៀសវាងឱ្យបាននូវការចម្លងបន្តគ្នា ដោយអនុវត្តវិធានការ “៣ការពារ និង៣កុំ” ដែលអាចជួយយើងបាន ឱ្យរួចផុតពីទុក្ខភ័យ និងការបាត់បង់សមាជិកគ្រួសាររបស់យើង។

ប្រសិនបើ ប្រញាប់ប្រញាល់ធ្វើសកម្មភាពប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ និងជាពិសេសការបើកប្រកបរបររកស៊ីទទួលទាន ឡើងវិញ តាមបែបធម្មតា ដូចកាលពីមុនមិនទាន់មានបញ្ហារាតត្បាតជំងឺកូវីដ-១៩ ដោយមិនបានត្រៀមលក្ខណ:ឱ្យស្របតាមបរិបទ “ធម្មតា តាមបែបគន្លងថ្មី”ដើម្បីការពារការចម្លងជំងឺកូវីដ-១៩នេះ ឱ្យបានត្រឹមត្រូវទុកជាមុន ទេនោះ មិនយូរមិនឆាប់ យើងនឹងនាំមកនូវការវិលត្រឡប់នៃការឆ្លងរាតត្បាត និងការបិទខ្ទប់នៅថ្ងៃណាមួយឡើងវិញជាមិនខានឡើយ។ សូមមេត្តាចងចាំត្រង់ចំណុចនេះ។

សូមអរគុណនូវរាល់ការចូលរួមការពារការចម្លងវីរុសនេះ ដើម្បីសុខភាពលោកអ្នក សុខភាពគ្រួសារលោកអ្នក និងសុខភាពសហគមន៍របស់យើង៕

អត្ថបទដែលជាប់ទាក់ទង