ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មកររោងចក្រ តំបន់សេដ្ឋកិច្ចពិសេស ជាង២០០នាក់ នៅស្រុកព្រៃនប់ និងក្រុងព្រះសីហនុ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩

81

 

ខេត្ត​ព្រះ​សីហ​នុ​ ៖​ ​ យោ​ងតាម​របាយការណ៍​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះ​សីហ​នុ ​នៅ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០២១​ ក្នុង​ខេត្ត​ព្រះ​សី​ហនុ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ ចំនួន​២៦៧​នាក់​ ក្នុង​នោះ​ក្រុងព្រះសីហនុ​ ចំនួន​១៤​នាក់​ និង​នៅ​ស្រុក​ព្រៃ​នប់​ចំនួន​២៥៣​នាក់​ ដែលឆ្លងរាលដាលចេញពីរោងចក្រចំនួន២ គឺរោងចក្រស៊ីមម៉េដ ខេមបូឌា ហ៊ែលឃែរ ប្រូដាក់ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ឃុំបិតត្រាំង និងរោងចក្រ ហ្ស៉ីជាង ហូមភ័ញ ហ្វើនីឈ័រ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាង ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។​

នៅថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យរោងចក្រស៊ីមម៉េដ ខេមបូឌា ហ៊ែលឃែរ ប្រូដាក់ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ឃុំបិតត្រាំង និងរោងចក្រ ហ្ស៉ីជាង ហូមភ័ញ ហ្វើនីឈ័រ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាង ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំ ដល់អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសចេជាង នូវវិធានការណ៍០៥ចំណុចរួមមាន៖
១.ត្រូវធ្វើការផ្សព្វផ្សាយ ដល់ម្ចាស់រោងចក្រទាំងអស់នូវវិធានការ សុខាភិបាល និងការណែនាំ ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
២.ការឆ្លងជំងឺកូវីដ-១៩ ចេញពីកន្លែងចុងភៅ ត្រូវមានការប្រុងប្រយ័ត្នអនុវត្តតាមវិធានសុខាភិបាលឱ្យបានត្រឹមត្រូវ។
៣.ម្ចាស់រោងចក្រត្រូវគ្រប់គ្រងរថយន្តដឹកកម្មករ ចៀសវាងការដឹកកម្មកររោងចក្រផ្សេង ប្រសិនបើមានករណីឆ្លងកូវីដ-១៩ ងាយស្រួលគ្រប់គ្រង និងមិនរាលដាលដល់រោងចក្រផ្សេងទៀត។
៤.ម្ចាស់រោងចក្រត្រូវរកទីតាំងសមរម្យ ឱ្យកម្មករស្នាក់នៅរួម និងដំណើរការអាជីវកម្ម ចៀសវាងការចេញទៅខាងក្រៅ អាចនាំឱ្យមានការចម្លងជំងឺកូវីដ-១៩ ចូលក្នុងរោងចក្រ ប្រសិនបើមានកម្មករណាម្នាក់ឆ្លងជំងឺកូវីដ-១៩ យើងងាយស្រួលគ្រប់គ្រង និងយកពួកគាត់ទៅព្យាបាល ហើយកម្មករដែលនៅសល់អាចធ្វើការបាន ដោយធ្វើចត្តាឡីស័កនៅនឹងរោងចក្រតែម្តង។
៥.ថៅកែរោងចក្រ ត្រូវធ្វើជាគំរូដល់កម្មករ និយោជក រាល់ការចេញចូលរោងចក្រត្រូវពាក់ម៉ាស បាញ់អាល់កុលសម្លាប់មេរោគ លាងសម្អាតដៃ រក្សាគម្លាតសុវត្ថិភាព ដើម្បីធានាថាមិនមានការចម្លងជំងឺកូវីដ-១៩ ចូលក្នុងរោងចក្រ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តមិនមានបំណងបិទរោងចក្រណាមួយទេ ប្រសិនបើម្ចាស់រោងចក្រសហគ្រាសទាំងអស់ គោរពតាមវិធានការសុខាភិបាលបានល្អ ហើយការឆ្លងរាលដាលនឹងត្រូវបានកាត់បន្ថយជាក់​ជាមិនខាន យើងត្រូវរស់នៅតាមបែបកន្លងថ្មីទាំងអស់គ្នា ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង។

នា​រសៀល​ថ្ងៃ​សៅរ៍​​ទី​២២​ ខែឧសភា​ ឆ្នាំ​២០២១​ លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិសេស ​ជាមួយ​គណៈ​ស្នងការ​រង​ កម្លាំង​នគរបាល ​នៃ​អធិការដ្ឋាន​គ​របាល​ស្រុក​ព្រៃ​នប់​ និង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ តាម​បណ្តា​ឃុំ​ទាំងអស់ ​ក្នុងស្រុក​ព្រៃ​នប់​ ដើម្បី​អន្តរាគមន៍​ទប់ស្កាត់​ ការ​ចម្លង​មេរោគ​កូ​វី​ដ​-១៩​តាម​ភូមិ​ឃុំ​នានា​ ក្នុងស្រុក​ព្រៃ​នប់​ ក្រោយ​ពី​មាន​កម្មករ​ កម្ម​ការីិនី​ច្រើន​នាក់ ​ក្នុង​រោងចក្រ​២​កន្លែង​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ឃុំ​បិត​ត្រាំ​ង​ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ឃុំ​ជើងគោ​ ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ ។​

​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ មាន​ប្រសាសន៍​ថា​ កម្លាំង​នគរបាល​ នឹង​ចូលរួម​ធ្វើ​ប្រតិបត្តិការ​តាម​ផែនការ​រួម​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ លើ​វិធានការ​ចាំបាច់​ ដើម្បី​គ្រប់គ្រង​និង​កាត់​ផ្តាច់​ការ​ចម្លង​ចូល​សហគមន៍​បន្ត​ទៀត​ ពិសេស​គឺ​ការពារ​កន្លែង​ដែល​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័​ក៕

អត្ថបទដែលជាប់ទាក់ទង