លេងលះគ្នាហើយ អតីតប្តីកំណាចជាមន្ត្រីកងរាជអាវុធហត្ថ ប្រើកាំបិតចុងស្រួច ចាក់អតីតប្រពន្ធ រងរបួសធ្ងន់
ខេត្តកំពង់ធំ ៖ មន្ត្រីកងរាជអាវុធហត្ថម្នាក់ ប្រើអំពើហិង្សាដោយបានប្រើកាំបិតចុងស្រួចចាក់ទៅលើនារីម្នាក់ ជាអតីតប្រពន្ធ ដែលទើបលេងលះគ្នា បណ្តាលឲ្យរងរបួសធ្ងន់ នៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ មានករណីហិង្សាមួយកើតឡើង នៅចំណុចភូមិត្បូងទឹក ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ជនសង្ស័យឈ្មោះ ស៊្រន ពេជ្ររស្មី ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិ ឃុំ ស្រុក កើតហេតុខាងលើ ជាមន្រ្តីកងរាជអាវុធហត្ថខេត្តកំពង់ធំ បានប្រើប្រាស់កាំបិតចុងស្រួច កាប់ទៅលើជនរងគ្រោះ ឈ្មោះ គួច មួយហៀក ភេទស្រី អាយុ ៣០ឆ្នាំ ជាអតីតប្រពន្ធ ដែលទើបលេងលះគ្នា តាមផ្លូវតុលាការនៅខេត្តកំពង់ធំរួចហើយ បណ្ដាលឲ្យរងរបួសធ្ងន់ ចំដៃខាងឆ្វេងចំនួន ២កាំបិត ដៃខាងស្ដាំចំនួន ២កាំបិតនិងកញ្ចឹង ក ខាងក្រោយ ១កាំបិត។
ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាលបាល នៅមណ្ឌលសុខភាពស្រុកសណ្ដាន់ ជនសង្ស័យបានរត់គេចខ្លួនបាត់ ខណៈកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសណ្ដាន់ កំពុងស្វែងរកតាមចាប់ខ្លួន៕