ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រកាសគាំទ្រ ចំណាត់ការរបស់ អភិបាលខេត្តកំពង់ស្ពឺ បញ្ជាឲ្យរុះរើផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង

225

 

កំពង់ស្ពឺ ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បញ្ជាឲ្យរុះរើផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ ដែលមាននៅតាមដងផ្លូវ និងតាមទីតាំងនានា ក្នុងខេតក្តកំពង់ស្ពឺ។ ការចេញបញ្ជានេះ ធ្វើឲ្យមានការពេញចិត្តពីសាធារជន ហើយជាពិសេសថែមទៀត ក៏ទាក់ទាញដល់លោកអ្នកឧកញ៉ា ម៉ុង ឫទ្ធី ។

នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធីយ៉ាងដូច្នេះថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ​ខ្ញុំ ឃើញនៅតាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ចុះផ្សាយ​ព្រោងព្រាត ​ដោយ​គាំទ្រ​ចំណាត់ការ​ឯកឧត្ដម​អភិបាល​ គណៈអភិបាល​ខេត្ត​កំពង់​ស្ពឺ​ ដាក់​បញ្ជាឲ្យ​រុះរើ​ស្លាក​សញ្ញា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លក់​គ្រឿងស្រវឹង​ រូបខ្ញុំ​ផ្ទាល់ ​ក៏គាំទ្រ​ចំណាត់ការ​នេះ ​ដូច​ប្រិយមិត្តយើងដែរ។

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបញ្ជាក់បន្ថែមទៀតថា “ដោយសារតែ​ខ្ញុំ​សង្កេតឃេីញ​ថា ​នៅតាមដងផ្លូវ​ជាច្រេីន​ មានដាក់​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នេះ វា​ស្កេះស្កះ​ខ្លាំង​ពេក​ ដូច្នេះ​ហើយ​បានជា​កាលពីថ្ងៃ​ទី១ ខែមករា ​ឆ្នាំ​២០២១ ​កន្លងផុតទៅនេះ​ ក្នុង​ពិធី​បេីកការដ្ឋាន​ស្ថាបនា​ផ្លូវ ​ប្រវែង​៥.៩០០ម៉ែត្រ ចាក់ក្រាល​កៅស៊ូ​ DBST​ទទឹង៧ម៉ែត្រ​ តភ្ជាប់​ពីផ្លូវ​លេខ​១៣០ មក​ដល់​ផ្លូវ​បំបែក​វត្ត​បឹងខ្នា​ ភូមិ​សំរោង​ជេីងភ្នំ​ ឃុំសែនដី​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ​ ខ្ញុំ​បាន​សំណូមពរ​យ៉ាង​ទទូច​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ រុះរើ​ស្លាក​សញ្ញា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ​គ្រឿង​ស្រវឹង ​គ្រប់ប្រភេទ​ចេញពីមុខផ្ទះ​របស់​ពួកគាត់​ ទេីប​ខ្ញុំ​យល់​ព្រម​សាងសង់​ផ្លូវនេះ ពួកគាត់​​ជូន​តាម​ការស្នេីសុំ”​។

ទោះយ៉ាងណា រដ្ឋបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានប្រកាសថា “ខេត្តកំពង់ស្ពឺស័ក្តិសមជាខេត្តអ្នកប្រាជ្ញមែន ថ្ងៃទី២២ ខែ ឧសភា ឆ្នាំ ២០២១ ប្រជាពលរដ្ឋក្នុងក្រុងច្បារមន គ្រាន់តែទទួលបានការណែនាំ ពីរដ្ឋបាលខេត្តកំពង់ស្ពឺភ្លាម គឺ រុះរើផ្លាកសញ្ញា ឬ បដា ដែលមានរូបសញ្ញាគ្រឿងស្រវឹង ដោយគ្មានភាពស្ទាក់ស្ទើរ និងគោរពយ៉ាងម៉ឺងម៉ាត់ រាល់ការសំណូមពរ ក៏ដូចជា ការណែនាំរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ , ក្រុងច្បារមន ។ ចំពោះផ្លាកសញ្ញា ឬបដា ដែលនៅសល់ គឺចាំក្រុមហ៊ុនជាអ្នកមករុះរើ បន្ថែមទៀត ។
រដ្ឋបាលក្រុង សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះបងប្អូន ពូមាមីង ដែលបានសហការ ដើម្បីឱ្យកំពង់ស្ពឺ យើងក្លាយជាខេត្តគំរូ និងនាំមុខគេ ខាងសណ្តាប់ធ្នាប់ សាធារណៈ ។ គឺជាមុខមាត់ខេត្តរបស់យើង និងជាមុខមាត់របស់ប្រជាជនក្នុងខេត្តយើង”។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាទៅដល់មន្ទីរពាក់ព័ន្ធ ឱ្យចាប់ផ្តើមជូនដំណឹងរុះរើចេញជាបន្ទាន់ នូវស្លាកប៉ាណូដែលបានលើកតាំង ផ្សព្វផ្សាយផលិតផលស្រាបៀរផ្សេងៗ និងមិនឱ្យមានលក់ស្រាបៀរ ខណៈអ្នកខេត្តកំពង់ស្ពឺ ជាអ្នកពូកែខាងរៀនសូត្រចេះដឹងខាងអក្សរសាស្ត្រ មិនមែនជាអ្នកប្រមឹកខួបនោះទេ ។

ការលើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ។

ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា សម្តេចសង្ឃរាជ ជួន ណាត ជាអ្នកដើមកំណើតនៅខេត្តកំពង់ស្ពឺ ហើយត្រូវបានចាត់ជាអ្នកប្រាជ្ញ ដែលបានចងក្រងស្នាដៃនិពន្ធជាច្រើន រួមទាំងវចនានុក្រមខ្មែរ សម្រាប់កូនចៅគ្រប់ជំនាន់ក្រោយៗ ប្រើប្រាស់ ហើយព្រះអង្គជាឈាមជ័រ កូនកសិករ រស់នៅខេត្តកំពង់ស្ពឺ រហូតរៀងមក ដូច្នេះមិនមែនជាអ្នកដែលខ្ជិលច្រអូស ដូចពាក្យគេតែងនិយាយបង្អាប់ថា (អ្នកកំប៊ុងប៊ឺ រលាក់កងជើង) នោះដូចមុនទៀតទេ ហើយមួយវិញទៀត ក៏មិនមែនជាអ្នកផឹកស៊ីអ៊ួរទីនួរនោះដែរ ។

ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ លើកឡើងដូច្នេះ គឺសំដៅដល់ការផ្សព្វផ្សាយផលិតផលស្រាបៀរ ដែលធ្វើអោយប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋសាធារណៈ ពិសេសប៉ះពាល់ដល់យុទ្ធនាការផ្សព្វផ្សាយ វិធានការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ជាដើម ។

អភិបាលខេត្ត សង្កត់ធ្ងន់ថា ការទទួលទានស្រា ឬ គ្រឿងស្រវឹង ឬ ទឹកប្តូរនិស្ស័យ គឺធ្វើឱ្យមនុស្សប្រែនូវអត្តចរិត ប្រែនិស្ស័យ នាំឱ្យមានហឹង្សាក្នុងគ្រួសារ និងនាំឱ្យមានការជួបជុំ ដែលប៉ះពាល់ដល់វិធានការ ទប់ស្កាត់ជំងឺកូវីដ-១៩យ៉ាងសំខាន់ ។ ចាប់ពីពេលនេះតទៅ សុំឱ្យមានការរុះរើប៉ាណូផ្សព្វផ្សាយ ផលិតផលស្រាបៀរទាំងអស់ ចេញពីក្របខណ្ឌដែនដី ខេត្តកំពង់ស្ពឺ ដោយដាក់ជំនួសមកវិញ នូវប៉ាណូទាំងឡាយណា ដែលជួយដល់សុខភាពពលរដ្ឋទូទៅ ព្រោះប៉ាណូទាំងនេះ វាគ្មានចំណេញអីដល់សង្គមជាតិនោះទេ ។

អភិបាលខេត្តកំពង់ស្ពឺ បានចាត់ អភិបាលរងខេត្ត ម្នាក់ ដើម្បីដឹកនាំចាត់វិធានការ លើការងារនេះ ឱ្យមានប្រសិទ្ធភាព និងតម្លាភាព ហើយមន្ទីរពាក់ព័ន្ធ ត្រូវចូលរួមអនុវត្ត៕

 

អត្ថបទដែលជាប់ទាក់ទង