កូនសត្វផ្សោតទន្លេមេគង្គ ទើបកើតថ្មីមួយក្បាលទៀត ត្រូវបានអ្នកវិទ្យាសាស្ត្រកត់ត្រាទុក
ខេត្តក្រចេះ ៖ បើតាមប្រភពពីអង្គការ WWF បានឲ្យដឹងថា ជាមួយក្តីរំភើបរីករាយឥតឧបមា ក្រុមអ្នកជំនាញផ្នែកស្រាវជ្រាវសត្វផ្សោត ទន្លេមេគង្គនៃរដ្ឋបាលជលផល និងអង្គការWWF បានបញ្ជាក់ពីកំណើតនៃកូនផ្សោតថ្មីមួយក្បាលនេះ ជាកូនផ្សោតទីបួនដែលត្រូវបានកត់ត្រាចាប់ពី ខែមករា ដល់ ខែឧសភាឆ្នាំ២០២១នេះ។
រុមអ្នកជំនាញបានសន្មត់ថាកូនផ្សោតនេះ មានអាយុប្រហែលពីរថ្ងៃ ក្រោយពេលដែលក្រុមស្រាវជ្រាវ បានប្រទះឃើញវានៅថ្ងៃទី២១ ខែឧសភា ខណៈកូនផ្សោតនេះ កំពុងហែលជាមួយសត្វផ្សោតពេញវ័យ ចំនួនដប់ក្បាលផ្សេងទៀត នៅក្នុងតំបន់អន្លង់សត្វ ផ្សោតកាំពី នៃខេត្តក្រចេះ។
កាលពីថ្ងៃទី២១ ខែឧសភា អង្គការWWF បានចេញផ្សាយសេចក្តីថ្លែងការណ៍របស់ខ្លួន ដើម្បីស្វាគមន៍កំណើតកូនផ្សោតថ្មីទីបី ខណៈអំពាវនាវអំពីភាព ចាំបាច់ក្នុងការរួមសហការគ្នា ឲ្យកាន់តែខ្លាំងឡើង ដើម្បីរៀបចំវិធានការ អភិរក្សឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការពារសត្វផ្សោត ឲ្យជៀសផុតពីភាពវិនាសផុតពូជ៕