វិធានការអនុគ្រោះដំណាក់កាលទី៣ របស់ធនាគារជាតិនៃកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈម និងសម្រាលបន្ទុកប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីជូនដំណឹងស្តីពី វិធានការអនុគ្រោះដំណាក់កាលទី៣ ក្នុងការដោះស្រាយបញ្ហាប្រឈម និងសម្រាលបន្ទុកប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។
ធនាគារជាតិនៃកម្ពុជាមានកិត្តិយស សូមជម្រាបជូនសាធារណជនទូទៅ និងភាគីពាក់ព័ន្ធ មេត្តាជ្រាបថា ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការអនុគ្រោះជាបន្តបន្ទាប់ដើម្បីចូលរួម គាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនិងសម្រាលបន្ទុកប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ ក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ធនាគារជាតិនៃកម្ពុជា បានសម្រេចបន្តវិធានការអនុគ្រោះដំណាក់កាល ទី៣ ដូចជា៖
-រក្សាការអនុវត្តប្រាក់បម្រុងកាតព្វកិច្ចតាមអត្រា ៧% ដដែលរហូតដល់មានការជូនដំណឹងជាថ្មី ពីធនាគារជាតិនៃកម្ពុជា។
-អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បន្តធ្វើឥណទានរៀបចំឡើងវិញ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ចំពោះអតិថិជន ដែលរស់នៅទីតាំងតំបន់បិទខ្ទប់តាមការ កំណត់របស់រាជរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាច ធ្វើឥណទានរៀបចំឡើងវិញលើសពី ៣ដង ក្នុងអំឡុងពេលអនុគ្រោះនេះ និង
-បន្តលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពអនុគ្រោះ បន្ធូរបន្ថយ ឬលើកលែងការយកសោហ៊ុយ ឬការពិន័យផ្សេងៗ តាមស្ថានភាពជាក់ស្ដែង របស់អតិថិជន៕