ថ្ងៃនេះបើកដំណើរការលក់ដូរក្នុងផ្សាររដ្ឋទាំង២៥ឡើងវិញ ,អាជ្ញាធររាជធានីជំរុញគណ:កម្មការផ្សារអនុវត្តវិធានសុខាភិបាលឱ្យបានម៉ឺងម៉ាត់
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ឧសភា គឺជាថ្ងៃដែលអាជ្ញាធររាជធានីភ្នំពេញ ដាក់ឱ្យដំណើរការផ្សាររដ្ឋទាំង ២៥ លក់ដូរឡើងវិញ ក្រោយពីបានបិទខ្ទប់ មិនឱ្យដំណើរការតាំងពីអំឡុងខែ មេសាកន្លងមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩។ ទន្ទឹមនៃការបើកឲ្យដំណើរការឡើងវិញ នៅថ្ងៃទី២៤ឧសភា ដោយយោងទៅលើសេចក្តីជូនដំណឹង កាលពីថ្ងៃទី២១ ឧសភា របស់រដ្ឋបាលរាជធានីភ្នំពេញ ឃើញថា នៅតាមបណ្តាលផ្សាររដ្ឋនានា នៅក្នុងរាជធានី បានដំណើរការលក់ដូរ មមាញឹកឡើងវិញហើយ ជាមួយនិងការអនុវត្តនូវវិធាន របស់ក្រសួងសុខាភិបាល និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ដើម្បីជំរុញគណ:កម្មការផ្សារ អនុវត្តវិធានសុខាភិបាល ក្នុងថ្ងៃបេីកផ្សារលក់ឡេីងវិញនេះ ដំណើរការទៅបានរលូន ជៀសបាននូវការឆ្លងកូវីដ-១៩ ថ្ងៃនេះដែរ លោកស្រីកែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលរាជធានី បានចុះត្រួតពិនិត្យស្ថានភាព ក្នុងផ្សាទួលទំពូង នៅខណ្ឌចំការមន និងបានជំរុញឱ្យគណ:កម្មការគ្រប់គ្រងផ្សារទួលទំពូង អនុវត្តតាមការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសពាក់ព័ន្ធ វិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ ។
លោកស្រី បានណែនាំឱ្យមានការផ្សព្វផ្សាយ តាមរយ:សារសំឡេងអប់រំ និងវាស់កំដៅ នៅតាមច្រកចេញចូលផ្សារ និងត្រូវរក្សាគម្លាតពីគ្នា ជាចាំបាច់ ដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
បេីតាមប្រធានគណៈកម្មការគ្រប់គ្រងផ្សារទួលទំពូងលោក ចំរេីន សុខលីម បានឱ្យដឹងថា៖ ផ្សារទួលទំពូង ចាប់ផ្តេីមបេីកលក់នៅព្រឹកនេះ បានគោរពតាមវិធានសុខាភិបាល និងការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ។ ច្រកចូលផ្សារចំនួន ៥ ត្រូវបានបេីកទ្វារសម្រាប់អាជីវករ បានលក់ដូរ និងទំនិញឧបភោគបរិភោគ ដោយនៅតាមច្រកចេញចូលលោក បានចាត់ចែងឲ្យមានកម្លាំងសន្តិសុខ ជួយសម្រួល ដោយការបាញ់កម្តៅ លាងអាល់កុល និងធ្វេីការស្កេនQRកូដ ផងដែរ មុននឹងអនុញ្ញាតឱ្យអាជីវករ ចូលទិញលក់នៅក្នុងផ្សារ ។
លោកប្រធានផ្សារទួលទំពូងបានបន្ថែថា ៖ ក្រៅពីអនុវត្តវិធានសុខាភិបាល នៅតាមច្រកក៏មានដាក់មេក្រូ បំពងសំឡេងពីសារអប់រំ និងមានការដេីរផ្សព្វផ្សាយ តាមមេក្រូដល់អ្នកលក់ និងអ្នកទិញផងដែរ ដោយត្រូវដាច់ខាតអនុវត្តវិធាន ៣កាពារ៣កុំ សំដៅទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
លោកចំរេីន សុខលីម ប្រធានផ្សារគណៈកម្មការផ្សារទួលទំពូង បានឱ្យដឹងថា ៖ក្នុងផ្សារទួលទំពូង មានតូបចំនួន១៣៧៤តូប ហេីយសម្រាប់ថ្ងៃបេីកលក់ជាថ្មី មានអាជីរករមកលក់ដូរ ប្រមាណ៥០ភាគរយ លោកបានបញ្ជាក់ផងដែរថា ៖ក្រុមអាជីវករ ដែលលក់ដូរនៅក្នុងផ្សារទួលទំពូង ក៏បានចាក់វ៉ាក់សាំង បានប្រមាណ១១០០នាក់ហើយដែរ។
ដោយឡែកសម្រាប់ផ្សារ បឹងកេងកងវិញ លោក ឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង បានបញ្ជាក់ឱ្យដឹងដែរថា នៅផ្សារបឹងកេងកង បានដំណើរការហើយ នៅព្រឹកថ្ងៃទី២៤ឧសភានេះ តែលក់តែគ្រឿង ហូបចុកតែប៉ុណ្ណោះ ដោយអាជីវករ មកលក់ដូរចំនួន៧៦តូប។
ជាមួយគ្នានោះ លោក គួច ចំណាន ប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ បានបញ្ជាក់ផងដែរថា ផ្សារច្បារអំពៅ មានបងប្អូនអាជីវករ មកលក់ ប្រមាណ២០ភាគរយប៉ុណ្ណោះ ដោយលក់ដូរជាគ្រឿងហូបចុក ។
ដោយឡែកលោកស្រីប៉ុន ដានី ប្រធានគណៈគ្រប់គ្រងផ្សាធំថ្មី បានឱ្យដឹងថា នៅថ្ងៃបើកដំណើរការលក់ដូរ នៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២១ ចាប់ពីម៉ោង ៥និង៣០នាទីព្រឹក គិតរហូតដល់ម៉ោង ១១និង៣០នាទីផ្សារធំថ្មី បានចាប់បើកថ្ងៃដំបូងផ្នែកគ្រឿងឧបភោគ បរិភោគមានតូបនិង គ្រែចល័តសរុប ៦២៥ មកលក់បាន ១២៥តូប និងគ្រែចល័ត ។
លោកស្រីប្រធានផ្សារធំថ្មី ឱ្យដឹងទៀតថា សម្រាប់ផ្សារធំថ្មី បានបើកច្រកចំនួនប្រាំបីច្រក មានកម្លាំងសន្តិសុខ ឈរជើងចំនួន៣១នាក់ និង សន្តិសុខ ២៥នាក់ទៀត ដើរចល័តចុះឡើង មានឧបករណ៍វាស់កំដៅ បាញ់អាល់កុល រក្សាគម្លាត ផ្សព្វផ្សាយឲ្យពាក់ម៉ាស់ ស្គេនQR code មុនចូលក្នុងផ្សារ។ ផ្សារមានឧបករណ៍វាស់កម្តៅ ចំនួន២០គ្រឿង ។ ផ្សារប្រើប្រាស់អាល់កុល ក្នុងមួយថ្ងៃអស់ ២០លីត្រ ។
ផ្សារដាក់ឧបករណ៍បំពងសំឡេងចំនួន ៦គ្រឿង អតិថិជនចូលផ្សារ បានចំនួន៧៧៥នាក់ ។
ក្នុងនោះដែរ លោកស្រីប្រធានផ្សារ បានណែនាំអាជីវករឱ្យអនុវត្តន៍ ៣ការពារ ៣កុំ ជាប្រចាំ៕