ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្ស័យពុលស្រា.ស នៅស្រុកកំពង់ត្រាច ខេត្តកំពត បណ្តាលឲ្យមនុស្សសរុប៩នាក់បានស្លាប់ជាបន្ដបន្ទាប់, ខណៈជាង៣០នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ

95

កំពត៖ មានករណីសង្ស័យពុលស្រាមួយទៀតហើយ នៅភូមិធ្នង់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត បណ្ដាលឲ្យមនុស្សស្លាប់ជាបន្ដបន្ទាប់សរុប៩នាក់ តាំងពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បន្ទាប់ពីពួកគាត់បានហូបជុំគ្ នាដើម្បីកំដរបុណ្យសពនាពេលកន្លងទៅ។

លោក សេង សុគន្ធចាត់ អធិការនគរបាលស្រុកកំពង់ត្រាច បានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ករណីពុលស្រាខាងលើ បានបណ្ដាលឲ្យមនុស្សស្លាប់ជាបន្ដបន្ទាប់ រហូតដល់៩នាក់។

លោក អូន ខន អភិបាលស្រុកកំពង់ត្រាច ក៏បានឲ្យដឹងថា ករណីពាក់ព័ន្ធជនរងគ្រោះប្រុសស្រីស្លាប់ដូចខាងលើ ចាប់តាំងពីថ្ងៃទី២១ រហូតមកដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ មានចំនួន៩នាក់ គឺជនរងគ្រោះបានស្លាប់ នៅថ្ងៃទី២១ ចំនួន១នាក់ ហើយជនរងគ្រោះពាក់ព័ន្ធដែលហូបស្រា.ស បានស្លាប់ជាបន្តបន្ទាប់ ចំនួន៨នាក់ថែមទៀត។

បច្ចុប្បន្នជនរងគ្រោះ ដែលបានហូបស្រា.ស ហើយមានអាការៈមិនស្រួលខ្លួន ចំនួន៣៤នាក់ ក្នុងនោះស្រី៣នាក់ ត្រូវបញ្ជូនមកសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច ដើម្បីព្យាបាល។ លោកអភិបាលស្រុក ក៏បានបញ្ជាក់ថា ការស្លាប់របស់ជនរងគ្រោះខាងលើ សន្និដ្ឋានថា ពិតជាបានហូបស្រា.ស បណ្ដាលឲ្យពុលស្លាប់ ព្រោះជនរងគ្រោះដែលស្លាប់នៅថ្ងៃទី២១ កម្លាំងអាជ្ញាធរ និងជំនាញពាក់ព័ន្ធ បានពិនិត្យសាកសពរួចហើយ មិនមានជំងឺកូវីដ១៩នោះទេ។

បន្ថែមពីនេះ លោកវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានអះអាងដែរថា ករណីជនរងគ្រោះស្លាប់ដូចខាងលើ គឺកម្លាំងជំនាញរបស់លោកកំពុងនាំជនរងគ្រោះ ពាក់ព័ន្ធមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក និងខេត្ត ដើម្បីធ្វើកោសល្យវិច័យ រកហេតុផល ថាតើជនរងគ្រោះបានបាត់បង់ជីវិត ដោយសារមូលហេតុអ្វីឲ្យប្រាកដជាងនេះ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងដែរថា ករណីនេះកម្លាំងជំនាញ កំពុងធ្វើការស្រាវជ្រាវយ៉ាង យកចិត្តទុកដាក់ ដោយសហការជាមួយ ស្ថាប័នពាក់ព័ន្ធ ខណៈម្ចាស់ទីតាំងផលិតស្រា កំពុងចាត់វិធានការតាមនីតិវិធី។

សូមជម្រាបថា ករណីពុលស្រា.សនេះ មិនមែនទើបតែកើតមាននោះទេ គឺធ្លាប់កើតមានជាច្រើនករណីមកហើយ។ ជាក់ស្ដែងថ្មីៗនេះ ទើបផ្ទុះឡើងនូវករណីពុលស្រា.ស ក្នុងពិធីបុណ្យសពដូចគ្នានេះដែរ នៅស្រុកល្វាឯម ខេត្តកណ្ដាល បណ្ដាលឲ្យមនុស្ស១២នាក់ស្លាប់ ជាបន្ដបន្ទាប់ និងច្រើននាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈម្ចាស់ទីតាំងផលិតស្រា ត្រូវឃាត់ខ្លួន និងបញ្ជូនទៅតុលាការផងដែរ៕

អត្ថបទដែលជាប់ទាក់ទង