នគរបាលប្រេស៊ីល ចាប់ខ្លួនមេជួញដូរគ្រឿងញៀនជនជាតិអ៊ីតាលី
(រ៉យទ័រ) នគរបាលសហព័ន្ធប្រេស៊ីលបានចាប់ខ្លួនលោក Rocco Morabito ជាមេជួញដូរគ្រឿងញៀនជនជាតិអ៊ីតាលីដែលរត់គេចខ្លួន និងមានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋជន Ndrangheta ដ៏មានឥទ្ធិពលដែលបញ្ជាក់ពីការកើនឡើងនៃសារៈសំខាន់របស់ប្រទេសប្រេស៊ីលនៅក្នុងពាណិជ្ជកម្ម កូកាអ៊ីននៅអឺរ៉ុប ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងយុត្តិធម៌ប្រេស៊ីលបាននិយាយថាលោក Morabito ត្រូវបានចាប់ខ្លួននៅក្នុងបន្ទប់សណ្ឋាគារមួយនៅភាគឥសាននាទីក្រុងដែលនៅជាប់ឆ្នេរសមុទ្រJoão Pessoa រួមជាមួយជនបរទេស ០២ នាក់ផ្សេងទៀត។ ដែលក្នុងនោះជនបរទេសម្នាក់ជាជនភៀសខ្លួនជនជាតិអ៊ីតាលី ប៉ុន្តែមិនបានផ្តល់ព័ត៌មានបន្ថែមនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀត នគរបាលសហព័ន្ធបាននិយាយថាលោក Morabito ត្រូវបានចាប់ខ្លួននៅប្រទេស Uruguay ក្នុងឆ្នាំ ២០១៧ បន្ទាប់ពីរត់ចេញពីប្រព័ន្ធយុត្តិធម៌អ៊ីតាលីអស់រយៈពេល ២២ ឆ្នាំ។ លោកបានរត់គេចពីពន្ធនាគារនៅ Uruguay ក្នុងឆ្នាំ ២០១៩ ជាពេលដែលអាជ្ញាធរប្រេស៊ីលចាប់ផ្តើមស៊ើបអង្កេតស្វែងរកលោក។
នគរបាលសហព័ន្ធបាននិយាយថា នគរបាលអ៊ីតាលីបានធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីលដើម្បីចាប់ខ្លួន និងបានចូលរួមនៅក្នុងប្រតិបត្តិការនេះផងដែរ។
ក្រសួងយុត្តិធម៌បាននិយាយថា “លោក Morabito ត្រូវបានគេចាត់ទុកថាជាឧក្រិដ្ឋជនសំខាន់ទី២ដែលអាជ្ញាធរតាមចាប់ខ្លួននៅក្នុងប្រទេសអ៊ីតាលី និងត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធជាមួយក្រុម Ndrangheta ដែលត្រូវបានចាត់ទុកថាជាក្រុមឧក្រិដ្ឋកម្មធំជាងគេនិងមានឥទ្ធិពលបំផុតមួយនៅលើពិភពលោក” ។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា លោក Morabito ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣០ ឆ្នាំនៅក្នុងប្រទេសអ៊ីតាលី។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ឧក្រិដ្ឋជននៅប្រទេសប្រេស៊ីលដើរតួរសំខាន់មួយក្នុងការជួញដូរគ្រឿងញៀនឆ្លងសមុទ្រអាត្លង់ទិច ដែលការជួញដូរនេះមានការសហការណ៍ជាមួយឧក្រិដ្ឋជននៅប្រទេស អ៊ីតាលី ហូឡង់ និងបាល់កង់ ដើម្បីនាំចូលកូកាអ៊ីនទៅក្នុងទ្វីបអឺរ៉ុបដែលមានតម្លៃខ្ពស់ និងការកើនឡើងនៃតម្រូវការ។
ការចាប់ខ្លួនលោក Morabito នៅភាគឥសាននៃប្រទេសប្រេស៊ីលក៏បង្ហាញពីការកើនឡើងនៃការដឹកជញ្ជូនកូកាអ៊ីនពីតំបន់ក្រីក្រនៃប្រទេសនេះដោយសារតែការកើនឡើងនៃការត្រួតពិនិត្យនៅតាមកំពង់ផែសំខាន់ៗនៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល ៕