មន្រ្តីចុះពិនិត្យក្រុមហ៊ុនមានស្លាកយីហោ TESLA និង ណែនាំឱ្យចុះបញ្ជី និងម៉ាករថយន្ត នៅក្រសួងពាណិជ្ជកម្ម
ភ្នំពេញ ៖ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានសហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះត្រួតពិនិត្យលើទីតាំងក្រុមហ៊ុន ដែលមានស្លាកយីហោ “TESLA” ដើម្បីណែនាំឲ្យក្រុមហ៊ុន ធ្វើការចុះបញ្ជីពាណិជ្ជកម្ម និងម៉ាករថយន្តរបស់ក្រុមហ៊ុន TESLA នៅក្រសួងពាណិជ្ជកម្ម និង ស្នើសុំការអនុញ្ញាតលើកស្លាកយីហោ នៅរដ្ឋបាលរាជធានីភ្នំពេញ ។
មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានចេញផ្សាយព័ត៌មាន លើផេកហ្វេសប៊ុកផ្លូវការថា “នារសៀលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២១ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ដឹកនាំដោយ លោក លី គង់ អនុប្រធានមន្ទីរ បានសហការជាមួយ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរសង្កាត់កាកាបទី១ ចុះត្រួតពិនិត្យលើទីតាំងក្រុមហ៊ុន ដែលមានស្លាកយីហោ “TESLA” ស្ថិតនៅតាមបណ្ដោយ មហាវិថីសហព័ន្ធរុស្សី (១១០) សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីណែនាំឲ្យក្រុមហ៊ុនដែលមានទីតាំងខាងលើ ធ្វើការចុះបញ្ជីពាណិជ្ជកម្ម និងម៉ាករថយន្តរបស់ក្រុមហ៊ុន TESLA នៅក្រសួងពាណិជ្ជកម្ម និង ស្នើសុំការអនុញ្ញាតលើកស្លាកយីហោ នៅរដ្ឋបាលរាជធានីភ្នំពេញ “៕