ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការ ៖ ម្ចាស់សណ្ឋាគារសមុទ្រមាស កំពុងតែអនុវត្តទោសក្នុងពន្ធនាគារ ហើយសណ្ឋាគារត្រូវសមត្ថកិច្ចឃ្លុំបេ

364

 

ព្រះសីហនុ ៖ ពាក់ព័ន្ធករណីម្ចាស់សណ្ឋាគារសមុទ្រមាស លួចបង្កប់កាមេរ៉ាក្នុងបន្ទប់គេង លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានប្រាប់កាសែតក្នុងស្រុកមួយនៅល្ងាចថ្ងៃទី ២៥ ខែឧសភានេះថា ករណីនេះ គឺជាសំណុំរឿងចាស់ តាំងពីខែតុលា ឆ្នាំ២០២០ ដែលតុលាការបានសម្រេចក្តីរួចហើយ ខណៈ ដែលជន ដែលពាក់ព័ន្ធនឹងការបង្កប់កាំមេរ៉ាក្នុងបន្ទប់សណ្ឋាគារនោះ ក៏កំពុងតែអនុវត្តទោសក្នុងពន្ធនាគារនៅឡើយ។

ស្នងការនគរបាលខេត្តព្រះសីហនុបញ្ជាក់ថា ម្ចាស់សណ្ឋាគារ សមុទ្រមាស កំពុងជាប់ពន្ធនាគា ហើយសណ្ឋាគារបានបិទដំណើរការតាំងពីមានបណ្តឹងមកម្លេះ ។

ការបញ្ជាក់របស់ស្នងការនគរបាលខេត្តព្រះសីហនុខាងលើ ធ្វើឡើងបន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ដេននី ក្វាន់ ដែលអះអាងថាខ្លួនគឺជាជនរងគ្រោះ ដោយបានគេងនៅសណ្ឋាគារសមុទ្រមាស នៅក្រុងព្រះសីហនុ កាលពីខែតុលាឆ្នាំ២០២០ ត្រូវបានម្ចាស់សណ្ឋាគារលួចបង្កប់ កាមេរ៉ាក្នុងបន្ទប់គេង ហើយមូលហេតុដែលនាងត្រូវបង្ហោះវីដេអូ ជាសាធារណៈនៅពេលនេះ ដោយសារការដោះស្រាយ មិនមានយុត្តិធម៌សម្រាប់នាង ។

បើតាមលោក ជួន ណារិន្ទ បណ្តឹងនៃការបង្កប់កាមេរ៉ាក្នុងបន្ទប់សណ្ឋាគារសមុទ្រមាសក្នុងក្រុងព្រះសីហនុ បានកើតឡើងតាំងពីថ្ងៃទី២១ ខែតុលាឆ្នាំ២០២០មកម្លេះ ។ ម្ចាស់សណ្ឋាគារ អ្នកស្រី ជា ណារី គឺជាពលរដ្ឋខ្មែររស់នៅក្នុងស្រុកខ្មែរ ត្រូវបានតុលាការកាត់ទោសពីបទរំលោភសិទ្ធិឯកជន ដោយជាប់ពន្ធធនាគារយៈពេល១ឆ្នាំ តាំងពីខែតុលា ២០២០មកម្លេះ ចំណែកសណ្ឋាគារ សមុទ្រមាស សមត្ថកិច្ចបានបិទដំណើរការតាំងពីថ្ងៃទី២២ ខែតុលា ២០២០មក ។

ស្នងការនគរបាលខេត្តព្រះសីហនុ បានបន្តថា តួនាទីរបស់ស្នងការនគរបាលយុត្តិធម៌ គឺបានបំពេញរួចរាល់ហើយតាំង ពីពេលកើតហេតុមកម្លេះ ដូច្នេះប្រសិនបើភាគីណាមួយមិនសុខចិត្ត គឺជាសិទ្ធរបស់គាត់ គាត់អាចដាក់ពាក្យបណ្តឹងទៅតុលាការបន្ត។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២៥ឧសភានេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ដេននី ក្វាន់ ដែលអះអាងថាខ្លួន គឺជាជនរងគ្រោះ បានបង្ហោះសារអមដោយវីដេអូតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា នាងបានគេងនៅសណ្ឋាគារសមុទ្រមាស នៅក្រុងព្រះសីហនុនេះ ប៉ុន្តែត្រូវបានម្ចាស់សណ្ឋាគារលួចបង្កប់កាមេរ៉ា ក្នុងបន្ទប់ដែលនាងបានគេង ហើយក្នុងនោះមិនមែនតែបន្ទប់នាងគេងនោះទេ គឺគ្រប់បន្ទប់ទាំងអស់ត្រូវបានដាក់កាមេរ៉ា។

នាងបានបន្តទៀតថា ករណីខាងលើនេះ បានកើតឡើងតាំងពីខែតុលាឆ្នាំ២០២០ ប៉ុន្តែនាងមិនបង្ហោះ ជាសាធារណៈនោះទេ ដោយសារត្រូវរង់ចាំដំណោះស្រាយ ជាមួយម្ចាស់សណ្ឋាគារសិន ប៉ុន្តែមូលហេតុដែលនាង ត្រូវបង្ហោះជាសាធារណៈនៅពេលនេះ ដោយសារការដោះស្រាយ មិនមានយុត្តិធម៌សម្រាប់នាង។

នាងបានសរសេរថា៖ «ខ្ញុំមិនឡាយ ព្រោះរង់ចាំដំណោះស្រាយល្អ ជាមួយម្ចាស់សណ្ឋាគារ តែលទ្ធផលចេញមកវាអយុត្តិធម៌ សម្រាប់រូបខ្ញុំណាស់ សំណងលុយ១ម៉ឺនដុល្លារនេះ ដូចជាមើលងាយកិត្តិយសខ្ញុំ ជាស្ត្រីខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ ខ្ញុំទទួលយកមិនបានទេ»៕

 

អត្ថបទដែលជាប់ទាក់ទង