ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានជនខិលខូចមួយចំនួន បានក្លែងឯកសារផ្លូវការរបស់ក្រសួងរ៉ែ និងថាមពល ដើម្បីស្វែងរកដៃគូអាជីវកម្ម ទុនវិនិយោគ និងប្រើប្រាស់ក្នុងរូបភាពផ្សេងៗ

376

 

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីជូនដំណឹងស្តីពីឯកសារផ្លូវការរបស់ក្រសួងរ៉ែ និងថាមពល ។ ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់បែបនេះ បន្ទាប់ពីមានជនខិលខូចមួយចំនួន បានក្លែងឯកសារផ្លូវការរបស់ក្រសួងរ៉ែ និងថាមពល ដើម្បីស្វែងរកដៃគូអាជីវកម្ម ទុនវិនិយោគ និងប្រើប្រាស់ក្នុងរូបភាពផ្សេងៗ។

បើតាមសេចក្ដីជូនដំណឹង របស់ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពល សូមជម្រាបជូនដល់សម្បទានិក អាជីវករ និងសាធារណជនដែលមានបំណង ធ្វើធុរកិច្ចក្នុងវិស័យរ៉ែ និងថាមពល មេត្តាជ្រាបថា កន្លងមកនេះ មានជនខិលខូចមួយចំនួន បានក្លែងឯកសារផ្លូវការរបស់ក្រសួង ដើម្បីស្វែងរកដៃគូអាជីវកម្ម ទុនវិនិយោគ និងប្រើប្រាស់ ក្នុងរូបភាពផ្សេងៗ ក្នុងចេតនាទុច្ចរិត និងបន្លំបោកប្រាស់ ហើយដែលការក្លែងឯកសារ និងការប្រើប្រាស់ឯកសារក្លែងទាំងនេះបានធ្វើ ឲ្យប៉ះពាល់ដល់ប្រយោជន៍ ស្របច្បាប់របស់សម្បទានិក អាជីវករ និងសាធារណជន ដែលកំពុងធ្វើធុរកិច្ច ក៏ដូចជាបុគ្គលទាំងឡាយ ដែលមានបំណងធ្វើធុរកិច្ច ក្នុងវិស័យនេះផងដែរ។ ក្រសួងបាននឹងកំពុងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងម៉ឺងម៉ាត់ពាក់ព័ន្ធនឹងករណីក្លែងបន្លំ ឯកសារសាធារណៈនេះ។

ទន្ទឹមនឹងនេះ ដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់ខាងលើ សម្បទានិក អាជីវករ និងសាធារណជន ដែលមានបំណងធ្វើធុរកិច្ចក្នុងវិស័យរ៉ែ និងថាមពល អាចស្នើសុំមកក្រសួង ដើម្បីធ្វើការបញ្ជាក់អំពីភាពត្រឹមត្រូវ នៃឯកសារដែលបានចេញជាផ្លូវការដោយក្រសួង ដោយប្រើប្រាស់ទម្រង់លិខិតស្នើសុំបញ្ជាក់ភាពត្រឹមត្រូវ ដូចមានភ្ជាប់ជូនតាមរយៈច្រកចេញចូលតែមួយ របស់ក្រសួងរ៉ែ និងថាមពល ដែលមានអាសយដ្ឋាន អគារលេខ៧៩-៨៩ ផ្លូវប៉ាស្ទ័រ (៥១) សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ការស្នើសុំបញ្ជាក់ភាពត្រឹមត្រូវ នៃឯកសារផ្លូវការនេះ ពុំតម្រូវឲ្យមានការបង់កម្រៃសេវាសាធារណៈឡើយ។

ក្នុងគោលបំណងលុបបំបាត់សកម្មភាពក្លែងបន្លំឯកសារផ្លូវការរបស់ក្រសួង ក៏ដូចជាដើម្បីលើកកម្ពស់គុណភាព សេវាសាធារណៈជូនសម្បទានិក អាជីវករ និងសាធារណជនដែលមានបំណងធ្វើធុរកិច្ច ក្នុងវិស័យរ៉ែ និងថាមពល ក្រសួងរ៉ែ និងថាមពល នឹងរៀបចំយន្តការប្រកបដោយប្រសិទ្ធភាព និងវិធានការផ្សេងៗដូចជា ការប្រើប្រាស់បច្ចេកវិទ្យា QR Code និងនីតិវិធីរដ្ឋបាលបន្ថែមទៀតនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង