លោកតាធាក់សុីក្លូម្នាក់ដេកស្លាប់ បន្ទាប់ពីមកពីបើកអំណោយវិញ រួចមកសំរាកមួយភ្លែត
ភ្នំពេញ ÷ លោកតាធាក់សុីក្លូម្នាក់ ចេញមកពីបើកអំណោយរួចត្រឡប់មកវិញ ឆ្លៀតមកសំរាកនៅមុខផ្ទះប្រជាពលរដ្ឋមួយសន្ទុះ ក្រោយមក ស្រាប់តែស្លាប់ កាលពីវេលាម៉ោង ២ និង៣០នាទីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ១៤៤ ក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញលោកតាធាក់សុីក្លូ ជាជនរងគ្រោះ និងគ្នីគ្នារបស់គាត់ បានទៅទទួលអំណោយដែលមានប្រជាពលរដ្ឋ យកមកចែកឲ្យ ខណៈពេលទទួលអំណោយបានរួច ក៏នាំគ្នាត្រឡប់មកវិញ បន្ទាប់មកគាត់បានចូលទៅហូបបាយ និងសំរាកនៅខាងមុខផ្ទះកន្លែងកើតហេតុមួយសន្ទុះ ក្រោយមកបានប្រជាពលរដ្ឋជិតខាង រាយការណ៍ទៅសមត្ថកិច្ចថា គាត់ស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចបានទំនាក់ទំនង ទៅក្រុមគ្រូពេទ្យ ចុះមកយកសំណាករកវិជ្ជមានកូវីដ១៩ ដោយពិនិត្យរួចគ្រូពេទ្យបញ្ជាក់ថា គឺអវិជ្ជមានកូវីដ១៩ បន្ទាប់មកសមត្ថកិច្ចជំនាញពិនិិត្យ ទៅលើសពឃើញថា ស្លាប់ដោយសារខ្យល់គរ រួចទាក់ទងទៅរថយន្តសាម៉ុយ ដើម្បីដឹកសពយកទៅបូជា នៅវត្តតាមប្រពៃណី៕