អាជ្ញាធររាជធានី មានបំណងបង្កើតឱ្យ មានយន្តការរួមមួយ ដើម្បីរួមគ្នាអនុវត្តសេចក្តីណែនាំរួម ឈានទៅកាត់ផ្តាច់ឱ្យបានជម្ងឺកូវីដ-១៩ នៅក្នុងរោងចក្រ
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានស្នើឱ្យក្រសួង ពាក់ព័ន្ធទាំងអស់ ជួយរែកពន្ធជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ពិសេសនៅតាមរោងចក្រ សហគ្រាសនានានៅក្នុងរាជធានីភ្នំពេញ ខណៈដែរនៅតាមរោងចក្រ សហគ្រាសមួយចំនួនបាននឹងកំពុង រីករាលដាលជម្ងឺនេះ មិនឈប់ឈរសោះ។
ការស្នើបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនាល្ងាចថ្ងៃទី២៦ឧសភានេះ ក្នុងកិច្ចប្រជុំតាមរយៈ ការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយក្រសួងសុខាភិបាល ,ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមន៍រោងចក្រកាត់ដេរដេរ នៅកម្ពុជា (GMAC) និងអាជ្ញាធរខណ្ឌមួយចំនួន ដែលមានរោងចក្រឆ្លងជម្ងឺកូវីដ-១៩ ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ការបើកឱ្យមានកិច្ចប្រជុំជាមួយក្រសួងសុខាភិបាល ,ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមន៍រោងចក្រកាត់ដេរដេរ នៅកម្ពុជា (GMAC) នេះ គឺក្នុងបំណង់ឱ្យក្រសួងពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងរោងចក្រ សហគ្រាសនានានៅក្នុងរាជធានីភ្នំពេញ ។
លោកបញ្ជាក់ថា៖ ពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងរែកពុនខ្លាំងណាស់ ។ដូច្នេះ លោកអភិបាលចង់ឱ្យក្រសួង ពាក់ព័ន្ធជួយរែកពុន តាមរយៈការបង្កើតអោយ មានយន្តការរួមមួយ ដើម្បីយើងបានធ្វើការជាមួយគ្នា ដោយការទទួលខុសត្រូវ ក្នុងការលុបបំបាត់ ឬកាត់ផ្តាច់ឱ្យបានជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ។
លោកឃួង ស្រេងបន្តទៀតថា ៖កន្លងមកនេះ ពេលដែលរាជធានីភ្នំពេញត្រូវបានបិទខ្ទប់ រោងចក្រ សហគ្រាស ក៏បានបិទផងដែរ ។ ក្រោយមកនៅពេលដែល បើកឱ្យដំណើរការឡើងវិញ រោងចក្របានឱ្យកម្មករចូលធ្វើការងារវិញ១០០ភាគរយ ខុសពីសេចក្តីណែនាំដែលចុះ ហត្ថលេខារួមដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងការងារ។ ដោយក្នុងសេចក្តីណែនាំ ពាក់ព័ន្ធនឹងការទប់ស្កាត់កូវីដ-១៩នេះ កម្មករតែ៥០ភាគរយប៉ុណ្ណោះ ដែលអាចចូលធ្វើការវិញបាន តាមរយៈ ការប្តូរវេនគ្នា ។ តែមិនដូច្នោះទេ ខាងរោងចក្របានអនុញ្ញាតអោយ កម្មករចូលធ្វើការវិញរហូត១០០ភាគរយដែលធ្វើឱ្យមានហានិភ័យខ្ពស់ នៃការរីករាលដាលជម្ងឺកូវីដ-១៩ ដែលជាកង្វល់ដ៏ធំមួយ របស់រាជរដ្ឋាភិបាល។ លោកបញ្ជាក់ទៀតថា៖ដូច្នេះហើយទើប រដ្ឋបាលរាជធានីភ្នំពេញ បង្កើតឱ្យមានកិច្ចប្រជុំពិភាក្សានេះឡើង ក្នុងបំណងបង្កើតឱ្យមាន យន្តការរួមមួយ ដើម្បីចេញសេចក្តីណែនាំរួម នាំគ្នាអនុវត្ត ឈានទៅកាត់ផ្តាច់ឱ្យបានជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ៕