សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) តាមប្រព័ន្ធវីដេអូ
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក មូន ចេអ៉ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ដែលនឹងប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅទីក្រុង សេអ៊ូលសាធារណរដ្ឋកូរ៉េ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ ។
ក្រោមមូលបទ «ការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្ន ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន» ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាលើប្រធានបទ «ការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវីដ-១៩» នៅក្នុងសម័យប្រជុំកិច្ចសន្ទនារបស់ថ្នាក់ដឹកនាំ ដោយផ្តោតទៅលើទិដ្ឋភាពសំខាន់ៗមួយចំនួន រួមមាន៖
១៖ ភាពចាំបាច់ក្នុងការកែសម្រួលគោលនយោបាយនិងធនធាន ដើម្បីអាចជម្នះដោយជោគជ័យលើជំងឺរាតត្បាតកូវីដ-១៩,
២៖ ផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុទៅលើសន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និង
៣៖ សារសំខាន់នៃការស្តារបៃតងឡើងវិញសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
សម្តេចតេជោ ក៏នឹងចែករំលែកអនុសាសន៍ប្រកបដោយអត្ថន័យទូលំទូលាយ និងប្រាកដ ដល់កិច្ចប្រជុំកំពូលផងដែរ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។
គួរកត់សម្គាល់ថា P4G ជាគំនិតផ្តួចផ្តើមសកលដែលត្រូវបានដាក់ដំណើរនៅឆ្នាំ២០១៧។ គំនិតផ្តួចផ្តើមនេះ គឺជាវេទិកាពហុភាគីសម្រាប់រដ្ឋាភិបាល វិស័យធុរកិច្ច និងអង្គការសង្គមស៉ីវិលធ្វើការរួមគ្នា ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងសម្រេចបានគោលដៅអភិវឌ្ឍប្រកប ដោយចីរភាព តាមរយៈការផ្តល់នូវដំណោះស្រាយប្រកបដោយនវានុវត្តន៍។
កិច្ចប្រជុំកំពូល P4G លើកទី២ នៅទីក្រុងសេអ៊ូល នឹងផ្តល់ឱកាសដល់សហគមន៍អន្តរជាតិ អាចបង្ហាញការប្តេជ្ញាចិត្តរួមគ្នា ក្នុងការកសាងពិភពលោកដែលល្អប្រសើរ និងកាន់តែបៃតងឡើង ក្រោយវិបត្តិកូវីដ-១៩៕