រថយន្តកូរ៉េ បើកដាច់កង់ របូតបោះទៅបុកម៉ូតូ ស្លាប់បុរសម្នាក់
ភ្នំពេញ ៖ រថយន្តកូរ៉េដឹកកម្មករមួយគ្រឿង បើកបរលើផ្លូវ បណ្តាលឲ្យដាច់កង់ក្រោយរត់លើផ្លូវ ទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសជាកម្មករសំណង់ម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ហើយកង់ឡាននោះ បានាបោលទៅមុខជិត១០០ម៉ែត្រ ទើបធ្លាក់ចូលទឹកប្រឡាយ នៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ជនរងគ្រោះស្លាប់នៅលើផ្លូវជាតិលេខ៣ ទល់មុខវិទ្យាល័យពងទឹក ភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល ចំណែករថយន្តបើកនៅលើផ្លូវជាតិលេខ៣ ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ។
រថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AS-0346 ជារថយន្តដឹកកម្មកររោងចក្រ អ្នកបើកបរ បានគេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ និងដាច់កង់ម្ខាង ខាងក្រោយ ។
ចំណែកជនរងគ្រោះ ឈ្មោះ ថូ ឆានន្នី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករសំណង់មានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ក្រហម ពាក់ផ្លាកលេខ ព្រៃវែង 1I-5087 ជាមធ្យោបាយ មានប្រពន្ធឈ្មោះ វ៉យ រ៉យ អាយុ២៥ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិក្រាំងតាយ៉ង ឃុំក្រាំងតាយ៉ង ស្រុកពាមជរ៍ ខេត្តព្រៃវែង ។ គ្រួសារជនរងគ្រោះ មានកូនស្រីម្នាក់ អាយុជាង១ខួប ក្នុងបន្ទុកគ្រួសារ ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កដឹកកម្មកររោងចក្រ បើកបរក្នុងទិសដៅពីត្បូងទៅជើង លើចំណុចផ្លូវខាងខណ្ឌដង្កោ ដល់ខាងមុខវិទ្យាល័យពងទឹក ស្រាប់តែរថយន្តដាច់កង់ក្រោយខាងឆ្វេង បោះឆ្លងផ្លូវទៅបុកម៉ូតូជនរងគ្រោះ កំពុងជិះក្នុងទិសដៅពីជើងទៅត្បូង លើចំណុចផ្លូវខាងខណ្ឌកំបូល បណ្តាលឲ្យធ្លាក់ជនរងគ្រោះបោកក្បាលស្លាប់ភ្លាមៗនៅកន្លែង រីឯម៉ូតូអូសទៅមុខ បានចំងាយជិត១០០ម៉ែត្រ ទើបធ្លាក់ចូលក្នុងទឹកប្រឡាយ ចំណែកអ្នកបើកបររថយន្ត និងកម្មករជិះលើរថយន្តឃើញសភាពមិនស្រួលនាំគ្នា ចុះគេចបាត់អស់ នៅសល់តែរថយន្តនៅនឹងកន្លែងកើតហេតុ។
បើតាមគ្រួសារសព នៅកន្លែងកើតហេតុ ស្ត្រីជាប្រពន្ធយំសោកបោកខ្លួន ហើយមុនកើតហេតុ ជនរងគ្រោះជិះម៉ូតូចេញពីផ្ទះជួល នៅភូមិត្រពាំងជ្រៃ ឆ្ពោះទៅធ្វើការងារនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទើបតែដល់ចំណុចខាងលើក៏ជួបគ្រោះថ្នាក់បែបនេះតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចទាំងខណ្ឌដង្កោ និងខណ្ឌកំបូល បានចុះសហការគ្នានិងបានពិនិត្យ សពត្រូវប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យ នៅស្រុកកំណើត រីឯមធ្យោបាយពាក់ព័ន្ធ រថយន្តនិងម៉ូតូ សមត្ថកិច្ចវាស់វែងរួច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឌាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕