ឯកឧត្តម គួច ចំរើន អញ្ជើញទទួលអំណោយមនុស្សធម៌ពី លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងលោកជំទាវ ដើម្បីចូលរួមចំណែក ប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងគ្រប់គ្រងជំងឺកូវីដ-១៩
ព្រះសីហនុ៖ នៅព្រឹកថ្ងៃសៅរ៍ ៣រោវ ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពី លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងលោកជំទាវ ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងលោកជំទាវ ដែលបាននាំយកទឹកពិសារបរិសុទ្ធ ចំនួន ៣.០០០យួរ មកឧបត្តម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ក្នុង ការប្រើប្រាស់ប្រចាំថ្ងៃសម្រាប់មន្ត្រីជួរមុខ នៅតាមគោលដៅតំបន់បិទខ្ទប់ (ទីតាំងក្រហម) អ្នកជំងឺកូវីដ-១៩ ក្នុងក្រុងព្រះសីហនុ ការនាំយកទឹកពិសារបរិសុទ្ធ មកឧបត្ថម្ភដល់រដ្ឋបាលខេត្តនាពេលនេះ សរបញ្ជាក់ពីទឹកចិត្តការចូលរួម ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងសហគមន៍ក្នុងក្រុង នៃខេត្តព្រះសីហនុ ម្យ៉ាងទៀតក៏ជាសកម្មភាព ចូលរួមនៃការចែករំលែក ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកសម្រាប់ប្រើប្រាស់ បំរើឱ្យការងារការពារ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ព្រោះជំងឺកូវីដ-១៩ កំពុងតែមានការឆ្លងរាតត្បាតធ្ងន់ធ្ងរ ក្នុងសហគមន៍មួយចំនួនក្នុងក្រុងព្រះសីហនុ ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងវិស័យឯកជនបានចូលរួម យ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ពិសេសការចូលរួមពីប្រជាពលរដ្ឋផ្ទាល់ ក្នុងការបិទខ្ទប់ (ទីតាំងក្រហម)ក្នុងក្រុងព្រះសីហនុ កុំឱ្យជំងឺកូវីដ-១៩ ចម្លងចូលសហគមន៍បន្តទៀត។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត សង្ឃឹម និងជឿ ជាក់ថា រោងចក្រ ក្រុមហ៊ុន សហគ្រាស លោកឧកញ៉ា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងសប្បុរស ជនបន្តជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការបង្ការ ទប់ស្កាត់ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: បន្តទៀត ៕