ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី២៩ ឧសភា ទិវាអន្តរជាតិ នៃអ្នកថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ

223

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានចេញសារក្នុងទិវាអន្តរជាតិ អ្នកថែរក្សាសន្តិភាព អង្គការសហប្រជាជាតិ ថ្ងៃទី២៩ ខែឧសភា “មាគ៌ាឆ្ពោះទៅរកសន្តិភាពយូរអង្វង ថាមពលយុវជន ដើម្បីសន្តិភាព និងសន្តិសុខ”។

ថ្ងៃទី២៩ ឧសភា ជាទិវារក្សាសន្តិភាព អ.ស.ប.ដើម្បីរំលឹកដល់ការចូលរួមពីគ្រប់កងកម្លាំងយោធា នគរបាល និង បុគ្គលិកស៊ីវិលទាំងបុរស និងនារី ក្នុងប្រតិបត្តិការសន្តិភាព ហើយក៏ជាថ្ងៃប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី ដែលបានពលីដើម្បីបុព្វហេតុសន្តិភាព ក្នុងបេសកកម្មចំនួន៧២ . គិតចាប់ពីឆ្នាំ ១៩៤៨។ ទិវាអន្តរជាតិនៃអ្នកថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិថ្ងៃទី២៩ ខែឧសភា គឺដើម្បីឧទ្ទិសកុសល ដល់ការចូលរួមចំណែកដ៏មានតម្លៃ របស់បុគ្គលិក ក្នុងឯកសណ្ឋានយោធា និងស៊ីវិល ក្នុងការបំពេញបេសកកម្ម អ.ស.ប និងគោរពដល់កម្លាំងថែរក្សាសន្តិភាពប្រមាណជាង ៤ ០០០នាក់ ដែលបានបាត់បង់ជីវិត ក្រោមទង់ អ.ស.ប តាំងពីឆ្នាំ ១៩៤៨ ។ រយៈពេល១ឆ្នាំកន្លងមកនេះ អ្នកថែរក្សាសន្តិ ភាពរហូតចំនួន១៣០នាក់ បានពលីជីវិតដើម្បីបុព្វហេតុសន្តិភាពនៅពាសពេញពិភពលោក។

រយៈពេល១៥ឆ្នាំនេះ កម្ពុជាដែលជាសមាជិកដ៏សកម្មមួយរបស់ អ.សប បានបញ្ជូនកម្លាំងចូលរួម បេសកកម្មសរុបចំនួន ៧ ៥២៣នាក់ ក្នុងនោះមាននារីចំនួន ៤៦៦នាក់ ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ មានជាអាទិ៍៖ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ ស៊ីរី សាយប្រឺស ម៉ាលី អាហ្វ្រិកកណ្ដាល និង យ៉េមែន។ គិតចាប់ពីឆ្នាំ
២០០៦ មកទល់នឹងបច្ចុប្បន្ន វីរយុទ្ធជនកម្ពុជាចំនួន ១០រូប បានពលីជីវិតលើសមរភូមិ នៃតំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលី និង អាហ្វ្រិកកណ្ដាល ។ កម្ពុជា សូមសំដែងនូវការដឹងគុណដ៏ជ្រាលជ្រៅ ជូនចំពោះគ្រប់កងកម្លាំងរក្សាសន្តិភាព និងអតីតកងរក្សាសន្តិភាព ពិសេសកងទ័ពមួកខៀវកម្ពុជាដែលស្ម័គ្រចិត្តចូលរួមចំណែកក្នុងបេសកកម្ម ដែលបច្ចុប្បន្នប្រឈមនឹងភាពស្មុគស្មាញ ព្រម ទាំងមានហានិភ័យខ្ពស់។

ជារៀងរាល់ឆ្នាំ នាថ្ងៃទី២៩ ខែឧសភា យើងតែងតែប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ដើម្បីរំលឹកគុណូបការៈដល់វីរយុទ្ធជន យុទ្ធនារី នៃកងរក្សាសន្តិភាព ដែលបានធ្វើពលីកម្ម លះបង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុសន្តិភាព នៃបេសកកម្ម របស់ អ.ស.ប ដែលមានតំលៃដ៏ឧត្តុង្គឧត្ដមមិនអាចកាត់ថ្លៃបាន ហើយបានចារិកទុកជាប្រវត្តិសាស្ត្រនៃមនុស្សជាតិ ទាំងនៅ ទីបញ្ហាការធំរបស់ អ.ស.ប និងបណ្តាប្រទេសដែលជាសមាជិករបស់ អ.ស.ប ។ តែអកុសល គិតចាប់ពីឆ្នាំ២០២០ អ្នកថ រក្សាសន្តិភាពរបស់យើងជួបប្រទះ ដូចប្រជាជននៅជុំវិញពិភពលោកដែរ គឺមានច្រើនជាងពេលណាៗទាំងអស់ មិនត្រឹមត ត្រូវតស៊ូប្រយុទ្ធប្រឆាំងជំងឺរាតត្បាត កូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រនិងការពារប្រជាជននៅក្នុងប្រទេសដែលពួក គេបាននិងកំពុងបន្តប្រតិបត្តិការ ឱ្យអស់ពីសមត្ថភាព។

ឆន្ទៈរបស់កម្ពុជាមិនរាថយ ក្នុងការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប ជាដាច់ខាត និងបន្តគាំទ្រនូវការ ដាក់ចេញ “សកម្មភាពដើម្បីសន្តិភាព” របស់ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បី ប្រសិទ្ធភាពនៃការចូលរួមបេសកកម្ម និងដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់អោយបានជាអតិបរមា ។

ត្រូវចងចាំថា វីរយុទ្ធជនយើងបានពលីជីវិតទៅហើយក្ដី តែបានបន្សល់ទុកនូវគំរូវីរភាព ស្នាដៃដ៏ធំធេង ដែលដក់ជាប់ ក្នុងក្រអៅបេះដូងរបស់យើង ក្នុងស្មារតីបង្រួមបង្រួមជាតិ និងជួយទ្រទ្រង់ដល់ប្រទេសលើពិភពលោក ឲ្យមានសុខសន្តិភាព ប្រកបដោយវីរភាពដ៏ឧត្តុង្គឧត្តម ដើម្បីកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ សូមវីរយុទ្ធជន យុទ្ធនារីទាំងអស់ ខិតខំប្រឹងប្រែងបង្កើនស្មារតីប្រុងប្រយ័ត្ន យកអស់កម្លាំងកាយចិត្ត ពង្រឹងការហ្វឹកហាត់ ជំនាញវិជ្ជាជីវៈ ”ស៊ូបង្ហូរញើសលើទីលាន ប្រសើរជាងបង្ហូរឈាមលើសមរភូមិ ពិសេសដើម្បីប្រយុទ្ធប្រឆាំងទប់ទល់មេរោគរាតត្បាត កូវីដ ១៩ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា “៣កុំ ៣ការពារ” តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធាននានារបស់បេសកកម្ម អ.ស.ប ។ ជាថ្មីម្ដងទៀត ខ្ញុំក៏សូមសម្ដែងនូវការដឹងគុណចំពោះវីរភាពក្លាហានរបស់កម្លាំងរក្សាសន្តិភាពកម្ពុជា ទាំងបុរស និងនារី ចំពោះការចូលរួមនិងគាំទ្រដល់ប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិ។ មាតុភូមិកម្ពុជា និងបណ្តាប្រទេស នានាដែលស្រលាញ់ និងស្នេហាសន្តិភាព សូមធ្វើការចរិកទុកនូវគុណូបការៈរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងរក្សាសន្តិ ភាព សហប្រជាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុរក្សាសន្តិភាពនៅលើសមរភូមិ និងសូមឲ្យវិញ្ញាណក្ខន្ធវីរយុទ្ធជន យុទ្ធនារី ប្រមាណជាង៤ ០០០រូប ទៅកាន់សុគតិភពកុំបីខាន។

ជាទីបញ្ចប់ ឧត្តមសេនីយ៍ សែម សុវណ្ណនីសូមជូនពរ កម្លាំងមួកខៀវទាំងអស់ជៀសផុតពីមេរោគរាតត្បាតកូរ៉េដ១៩ និងសូមបានសម ប្រកបដោយសេចក្តីសុខចម្រើន សូមទេវតាមេត្តាជួយឃុំគ្រងវីរយុទ្ធជន យុទ្ធនារីទាំងអស់ ជួបប្រទះនូវសេចក្តីសុខ សុវត្ថិ ភាព ក្នុងគ្រប់តំបន់បេសកកម្ម ៕

អត្ថបទដែលជាប់ទាក់ទង