ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មកររោងចក្រ ចំនួន ០៣កន្លែងនៅ ស្រុកជើងព្រៃ ប្រមូលផ្ដុំគ្នាតវ៉ាសុំធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ដោយទទួលប្រាក់ឈ្នួល ៥០%

87

កំពង់ចាម ៖ លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម បានរាយការណ៍ជូន ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ករណីកម្មកររោងចក្រ ចំនួន ០៣កន្លែង ស្ថិតនៅភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ប្រមូលផ្ដុំគ្នាតវា ឈានទៅដល់ការបិទផ្លូវ មិនឲ្យធ្វើចរាចរ ដោយសុំធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ដោយទទួលប្រាក់ឈ្នួល ៥០%។

បើតាមសេចក្ដីរាយការណ៍ ពីអាជ្ញាធរស្រុកជើងព្រៃ ឲ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នេះ កម្មកររោងចក្រ ០៣កន្លែង គឺ ៖ រោងចក្រវ៉ាឡុងខេមបូឌា អៅសូលអិនដាសស្រ្ទី អិលធីឌី រោងចក្រម៉ាន់ឡុងស៊ូ ឯ.ក និងរោងចក្រឡុងឈឹងស៊ូផាត ឯ.ក បានប្រមូលផ្ដុំគ្នា ហើយមិនចូលធ្វើការ ដោយទាមទារឱ្យនាយករោងចក្រ ធ្វើតាមសំណូមពររបស់ខ្លួន តាមលក្ខណដូចខាក្រោម ៖
១.សុំធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ដោយទទួលប្រាក់ឈ្នួល ៥០%
២.សុំធ្វើការយកសំណាកកម្មកររោងចក្រទាំងអស់គ្នា
៣.សុំឱ្យក្រុមហ៊ុនបើកប្រាក់ឈ្នួល ជូនកម្មករនិយោជិកឱ្យបានទៀងទាត់ ។

សេចក្ដីរាយការណ៍ដដែល បញ្ជាក់ទៀតថា ផ្អែកតាមសំណូមពរនេះ នាយករោងចក្រ មិនទាន់ចេញមកដោះស្រាយ រហូតឈានដល់កម្មករកម្មការិនី ធ្វើការបិទផ្លូវធ្វើចរាចរឆ្លងកាត់ នៅចំណុចមុខរោងចក្រវ៉ាឡុង តែម្ដង ។ ដោយឡែក ក្រោមការដឹកនាំដោះស្រាយ ពីឯកឧត្តម កៅ សុខអាន អភិបាលរង នៃគណៈអភិបាល ខេត្តកំពង់ចាម ក៏បានធ្វើការសម្របសម្រួល ដោយខាងភាគីខាងរោងចក្រ បានយល់ព្រម តាមសំណូមពររបស់កម្មករកម្មការិនី ដែលបានស្នើឡើង តាមការព្រមព្រៀងដូចខាងក្រោម ៖

១.យល់ព្រមធ្វើតេស្តរហ័ស ដល់កម្មករកម្មការិនីទាំងអស់ ដល់បងប្អូនក្នុងរោងចក្រវ៉ាឡុងខេមបូឌា អៅសូលអិនដាសស្រ្ទី អិលធីឌី រោងចក្រម៉ាន់ឡុងស៊ូ ឯ.ក និងរោងចក្រឡុងឈឹងស៊ូផាត ឯ.ក ។

២.រោងចក្រវ៉ាឡុង ខេមបូឌា អៅសូលអិនដាសស្រ្ទី អិលធីឌី អ្នករឃើញវិជ្ជមានកូវីដ ១៩ បញ្ជូនទៅព្យាបាល នៅកំពង់ចាម ។ អ្នកប៉ះពាល់ផ្ទាល់ ធ្វើចត្តាឡីស័កនៅតាមការរៀបចំ របស់ក្រុមហ៊ុន ពុំទទួលបានប្រាក់ឈ្នួលទេ តែក្រុមហ៊ុនទទួលខុសត្រូវ លើការផ្គត់ផ្គង់ជីវភាព ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ។ ចំពោះ អ្នកប៉ះពាល់ប្រយោលធ្វើចត្តាឡីស័ក នៅតាមផ្ទះដោយទទួលប្រាក់ឈ្នួលចំនួន ៥០% ។ រោងចក្រម៉ាន់ឡុងស៊ូ ឯ.ក និងរោងចក្រឡុងឈឹងស៊ូផាត ឯ.ក លទ្ធផលអវិជ្ជមាន កម្មករយល់ព្រមចូលធ្វើការងារវិញ នៅថ្ងៃចន្ទទី៣១ ខែឧសភា ឆ្នាំ២០២១ ប៉ុន្តែ បើវិជ្ជមាន ភាគីទាំង ២ យល់ព្រមអនុវត្តតាមនីតិវិធីច្បាប់ ។

៣.ក្រុមហ៊ុនយល់ព្រម បើកប្រាក់ឈ្នួលឱ្យបានទៀងទាត់ ជូនកម្មករនិយោជិត តាមច្បាប់ស្ដីពីការងារនិងលិខិតបទដ្ឋានជាធរមាន។ កម្មករកម្មការិនី ដែលធ្វើកូដកម្មនៅថ្ងៃទី២៨ និង២៩ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុនយល់ព្រមឱ្យប្រើប្រាស់ ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ និងច្បាប់ធុរៈ ៕

អត្ថបទដែលជាប់ទាក់ទង