អគ្គិភ័យឆាបឆេះ នៅចំណុចផ្សារអង្គតាសោម អស់ចំនួន៣តូប
ខេត្តតាកែវ ៖ នៅល្ងាចថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៩ និង៣០នាទី លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោយពីទទួលបានព័ត៌មាន ស្តីពីករណីអគ្គិភ័យឆាបឆេះនៅចំណុចផ្សារអង្គតាសោម ភ្លាម លោក ឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាដឹកនាំកម្លាំងនគរបាលការិយាល័យជំនាញ បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះរបស់ ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយ អធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងកម្លាំងពាក់ព័ន្ធចុះជួយពន្លត់អគ្គិភ័យ ដែលឆាបឆេះផ្សារ ដែលមានទីតាំងស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងកិច្ចប្រតិបត្តិការជួយសង្គ្រោះនោះដែរ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ អធិការនគរបាលស្រុកត្រាំកក់ ដោយប្រើប្រាស់ឡានទឹក ចំនួន០៣គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ទើបពន្លត់បានទាំងស្រុង នៅវេលាម៉ោង២០ និង១០នាទី។
ទំហំនៃការខូចខាតរួមមាន ឆេះខូចខាតតូបអស់ចំនួន០៣តូប ក្នុងនោះខូចខាតទាំងស្រុងចំនួន០២តូប និងឆេះប៉ះពាល់មធ្យមចំនួន០១តូប តែមិនបណ្តាលឱ្យរងរបួសមនុស្សឡើយ រីឯការវាយតម្លៃនៃ ការខូចខាតមិនអាចទាន់វាយតម្លៃបានទេ។
សូមបញ្ជាក់ថាៈ មូលហេតុបណ្តាលឱ្យមានអគ្គិភ័យកើតឡើង គឺបណ្តាលមកពីផ្ទុះសេខ្សែភ្លើងនៅតូបក្នុងផ្សារ៕