ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មករ កម្មការិនីរោងចក្រ គួរ​តែ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​រោង​ចក្រ មិន​គួរ​ទៅ​ចម្លងរោគ ដល់សាច់ញាតិនៅផ្ទះ

155

 

ខេត្តស្វាយរៀង ៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានធ្វើការអំពាវនាវ​ដល់ប្អូនៗ ក្មួយ​ៗ កម្មករ កម្មការិនីរោងចក្រ គួរ​តែ​ធ្វើ​ចត្តាឡីស័ក ​នៅ​ក្នុង​រោង​ចក្រ មិន​គួរ​កុំ​ទៅ​ចម្លងរោគដល់ ប្តី​ប្រពន្ធ​កូន​ឪពុកម្ដាយ​បង​ប្អូនរបស់​ខ្លួនទេ។

លោកបានមានប្រសាសន៍បន្តទៀតថា ប្រសិន​បើ​ចត្តាឡីស័ក​នៅ​ក្នុង​រោង​ចក្រ​ វា​ពិបាកតែម្នាក់​ឯង ប៉ុន្តែ​បើ​សិន​ជា​ទៅ​ផ្ទះ នឹង​អាច​ចម្លងរោគដល់​ច្រើន​គ្នា និង​អាច​មន្ត្រី​ជំនាញ​យក​ទៅ​ចត្តាឡីស័ក ​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​អ្នក​ទៀត ។

លោកបណ្ឌិតបានបន្តថា ការចុះពិនិត្យ​ការងារ​យក​សំណាកនាពេលនេះ គឺជាលើកទី៣ ហើយដល់​​កម្មករ កម្មការិនី​រោងចក្រ​យូលី១ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សាន​តុង ក្រុង​បាវិត ។​

ចូលរួម​អម​ដំណើរលោកបណ្ឌិត​មាន លោក​វេជ្ជបណ្ឌិត គុជ ស៊ីថា អនុ​ប្រធាន​មន្ទីរសុខា​ភិបាល​ខេត្ត​ទទួលបន្ទុក​បច្ចេកទេស​ជំងឺ​កូវីដ-១៩​ ​លោក​វេជ្ជបណ្ឌិត ទែន សាបុណ្យ អនុ​ប្រធាន​មន្ទីរ​សុខាភិបាលខេត្ត ទទួល​បន្ទុកការងារ​រុករក​ស្រាវជ្រាវ ជំងឺ​កូវីដ-១៩ និង​​លោកវេជ្ជ​បណ្ឌិត អុឹម បុត្រ ប្រធាន​ផ្នែក​ចត្តាឡីស័ក ។​

លោកបណ្ឌិត កែរ រដ្ឋា បានឲ្យក្រុមអ្នក​សារព័ត៌មាន​ដឹងទៀតថា ចាប់​តាំង​ពីថ្ងៃទី​២១ ដល់​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារ​យក​សំណាក បាន​យក​សំណាក​កម្មករ កម្មការិនី ចំនួន ២.៥១១នាក់ និង​បាន​រកឃើញ​ករណី​វិជ្ជមាន​ចំនួន ៣៤៨នាក់​។ រោង​ចក្រ​ចំនួន​ ៧ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សាន​តុង ដែល​បាន​យកសំណាក មាន​រោងចក្រ យូលី១ រោងចក្រ ប៊្យូលធីហ្វូលវីនដូ និង​រោងចក្រ អូខ្លូត តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាធិន មាន​រោងចក្រ សាន់ ហ្វេង រោង​ចក្រ ម់ូរ៉ូហ្វូជី និងរោងចក្រ យូធីឡាយ ហើយ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង មាន​រោងចក្រ អេអិនជេ ។ ចំពោះប្រភព​ចម្លង​មាន​ការ​ពិបាក​សន្និដ្ឋាន ដោយសារករណីខ្លះ ប្តីប្រពន្ធ​ធ្វើ​ការ​រោងចក្រ​ផ្សេង​គ្នា បើមាន​វិជ្ជមាន នឹង​ចម្លង​គ្នា ហើយ​ចម្លង​ទៅរោងចក្រផ្សេងទៀត ប៉ុន្តែ​មានរោង​ចក្រ​ខ្លះ ថៅកែ​រោងចក្រ​អនុវត្តតាម SOP ត្រឹម​ត្រូវ ឃើញ​ថា​ពុំមាន​ការចម្លង​ទេ ។

លោកបណ្ឌិត កែរ រដ្ឋា បាន​អំពាវនាវ​ដល់ប្អូនៗ ក្មួយ​ៗ កម្មករ កម្មការិនីរោងចក្រ គួរ​តែ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​រោង​ចក្រ មិន​គួរ​ទៅ​ចម្លងរោគដល់ប្តី​ប្រពន្ធ​កូន​ឪពុកម្ដាយ​បង​ប្អូនរបស់​ខ្លួនទេ។ ប្រសិន​បើ​ចត្តាឡីស័ក​នៅ​ក្នុង​រោង​ចក្រ​ វា​ពិបាកតែម្នាក់​ឯង ប៉ុន្តែ​បើ​សិន​ជា​ទៅ​ផ្ទះ នឹង​អាច​ចម្លងរោគដល់​ច្រើន​គ្នា និង​អាច​មន្ត្រី​ជំនាញ​យក​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​ទៀតទៅធ្វើ​ចត្តាឡីស័ក​ ។

លោកបណ្ឌិត បាន​កោត​សរសើរ​ដល់ប្អូនៗ ក្មួយ​ៗ កម្មករ កម្មការិនី មួយ​ចំនួន​ដែល​ស្នើសុំ​ធ្វើ​ចត្តាឡីស័ក ​នៅ​ក្នុង​រោងចក្រ ដោយសារ​ពួកគាត់​យល់​ដឹង ពុំចង់​ចម្លងរោគដល់​ក្រុម​គ្រួសារ​របស់​ពួកគាត់ ហើយ​ពួកគាត់​បាន​បញ្ជាក់​ថា នៅ​ក្នុង​រោងចក្រ ត្រូវ​បាន​ថៅកែ​រោងចក្រ​គិតគូរ​ តាំង​ពី​ការហូបចុក និង​កន្លែង​ស្នាក់​នៅ និង​មិន​មាន​ការ​កាត់​ប្រាក់​ខែ​ទៀតផង ។​

លោកបណ្ឌិត កែរ រដ្ឋា នាំ​មកមកនូវការផ្តាំ​ផ្ញើ​ពីសំណាក់​លោកជំទាវ​កិត្តិសង្កហបណ្ឌិត ម៉ែន សំអន តំណាង​រាស្ត្រមណ្ឌលស្វាយរៀង និង​ជាប្រធានក្រុម​ការ​ងារថ្នាក់​ជាតិ​ ចុះជួយ​ខេត្ត​ស្វាយរៀង និងឯក​ឧត្ដម​ ម៉ែន វិបុល អភិបាលខេត្ត និង​ជាប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ-១៩​ខេត្ត សូម​កម្មករ កម្មការិនី រោងចក្រ គោរព​ឱ្យ​បាន​នូវ​វិធានការ​ចត្តាឡីស័ក​ ដែល​ក្រ​សួង​សុខាភិបាលដាក់ចេញ ជា​ពិសេសវិធានការ ៣កុំ ៣ការពារ របស់​សម្តេច​តេជោ ហ៊ុន សែន ។ លោកជំទាវ​កិត្តិសង្កហបណ្ឌិត ម៉ែន សំអន និង​ឯក​ឧត្ដម​ ម៉ែន វិបុល អភិបាលខេត្ត សូម​ប្រសិទ្ធ​ពរ​ជ័យ ដល់​ក្មួយ​ៗ កម្មករ កម្មការិនី មាន​សុខភាពល្អ ជៀស​ឆ្ងាយ​ពី​ជំងឺ​កូវីដ-១៩ ដ៏កាច​សាហាវ​នេះ ។​

លោកបណ្ឌិត បបានមានប្រសាសន៍បន្ថែមទៀតថា រហូតដល់​ថ្ងែ​នេះ មាន​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន​សរុប ៨២០នាក់ ស្រី ៤៧៧នាក់ (ជនជាតិខ្មែរ: ៧៨២នាក់, ជនជាតិបរទេស: ៣៨នាក់) ចំនួនអ្នកជំងឺជាសះស្បើយសរុប: ៣៧៨នាក់ ស្រី ១៥៤នាក់ អ្នកជំងឺស្លាប់៥នាក់ ជា​ជនជាតិ​ខ្មែរ ។​ ប្រជាពលរដ្ឋមកពីប្រទេសនានា និងការពិនិត្យសុខភាព​ចំនួន៤៣៦៥ នាក់ ស្រី ១២៧៧នាក់​។ សរុបអ្នកបានធ្វើចត្តាឡីស័ក មានចំនួន ៤៣៨៨នាក់ ក្នុង​នោះ អ្នក​បញ្ចប់ការធ្វើចត្តាឡីស័កសរុប ៤៣១៨នាក់ និងអ្នកកំពុងធ្វើចត្តាឡីស័ក មានចំនួន ៧០នាក់។ លទ្ធផលពីការយកសំណាកវិភាគ (ព្រឹត្តិការណ៍ ២០កុម្ភៈ) ៖ យកសំណាកលើកទី១ ចំនួន៨៥០៩ នាក់ ស្រី ៣៤៨១នាក់ និងយកសំណាកលើកទី២ សរុប២២៣១​នាក់ ស្រី ៨៣៤នាក់ ហើយ​និងយកសំណាកលើកទី៣ សរុប ៤៦នាក់ ស្រី ២៥នាក់ ៕

អត្ថបទដែលជាប់ទាក់ទង