ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្អាកអាជីវកម្ម កាស៊ីណូ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារទ្វេភាគីតន់ហន់ ផ្សារព្រែកក្រឹស ក្នុងស្រុកកំពង់ត្រាច

124

 

កំពត ៖ អភិបាលខេត្តកំពត ណែនាំអភិបាលស្រុកកំពង់ត្រាច ចុះផ្អាកអាជីវកម្ម កាស៊ីណូ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារទ្វេភាគីតន់ហន់ ព្រមទាំងផ្សារព្រែកក្រឹស ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។

រដ្ឋបាលខេត្តកំពត បានជម្រាបមកលោកអភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច ស្តីពីការបិទផ្អាកអាជីវកម្ម កាស៊ីណូ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និង ច្រកទ្វារទ្វេភាគី តន់ហន់ ព្រមទាំងផ្សារព្រែកក្រឹស ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ យោង ការផ្សាយព័ត៌មានស្តីពីការកើនឡើងនូវតួរលេខនៃការឆ្លងជំងឺរីករាលដាលជំងឺកូវីដ-១៩ នៅស្រុក
កំពង់ត្រាច ខេត្តកំពត ។ រដ្ឋបាលខេត្ត សូមជម្រាបជូន លោកអភិបាល នៃគណៈអភិបាលស្រុក ជ្រាបថា៖ ផ្អែកតាមខ្លឹមសារដូចមាន ចុះក្នុងយោងខាងលើ ដើម្បីបន្តយ៉ាងសកម្មក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ (COVID-19) ពិសេសក្នុងព្រឹត្តិការណ៍សហគមន៍ – ២០កុម្ភៈ ក្នុងន័យនេះ រដ្ឋបាលខេត្ត សូមណែនាំឲ្យលោកអភិបាល នៃគណៈ អភិបាលស្រុកកំពង់ត្រាច ត្រូវធ្វើការណែនាំឲ្យបិទផ្អាកអាជីវកម្ម កាស៊ីណូ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារទ្វេភាគីតន់ហន់ ព្រមទាំងផ្សារព្រែកក្រឹស ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត រយៈពេល១៤ថ្ងៃចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

សូមបញ្ជាក់ថា អាជ្ញាធរនិងសមត្ថកិច្ចស្រុកកំពង់ត្រាច ដឹកនាំដោយលោក អូន ខន អភិបាលស្រុកកំពង់ត្រាច នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំង និងក្រុមការងារចុះទៅបិទខ្ទប់នៅបរិវេណកាសុីណូ សុខគឹមម៉េង ស្ថិតនៅច្រកទ្វារទ្វេភាគីតន់ហន់ ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ខណៈជំនាញបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤នាក់នៅក្នុងកាសុីណូ សុខគឹមម៉េង(តន់ហន់) កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ហើយអាជ្ញាធរបានបិទខ្ទប់មនុស្សក្នុងកាសុីណូប្រមាណជិត១០០នាក់ ដើម្បីរង់ចាំគ្រូពេទ្យពិនិត្យ។

ដោយឡែកចំពោះអ្នកពាក់ព័ន្ធជាច្រើននាក់ដែលមានលំនៅដ្ឋានជាប់កាសុីណូ កម្លាំងសមត្ថកិច្ចបានយកខ្សែហ៊ុមព័ទ្ធ ដើម្បីរង់ចាំក្រុមគ្រូពេទ្យមកពិនិត្យ យកសំណាក៕

អត្ថបទដែលជាប់ទាក់ទង