ប្រជាពលរដ្ឋមានវិវាទដីធ្លី នៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ បានធ្វើការតវ៉ាបិទផ្លូវជាតិលេខ១ ត្រូវបានអាជ្ញាធរខេត្ត ចុះធ្វើការសម្របសម្រួល បញ្ចប់ការតវ៉ានៅនឹងកន្លែង
ខេត្តកណ្ដាល៖ នាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋមានវិវាទដីធ្លី រស់នៅក្នុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានធ្វើការតវ៉ាបិទ កំណាត់ផ្លូវជាតិលេខ១ ដោយខុសច្បាប់ ដើម្បីអោយអជ្ញាធរ ដោះលែងយុវជនម្នាក់ ដែលអជ្ញាធរបានឃាត់ខ្លួន ដើម្បីធ្វើការសាកសួររឿង វិវាទដីធ្លី កាលពីល្ងាចថ្ងៃទី30 ខែឧសភា នេះ ។
ទទួលបានព័ត៌មានភ្លាម អាជ្ញាធរខេត្តកណ្ដាល ដឹកនាំដោយឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ដោយមានការចូលរួម ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រះរាជអាជ្ញារងខេត្ត និងអាជ្ញាធរស្រុកកៀនស្វាយ បានចុះទៅធ្វើការសម្របសម្រួល ជាមួយប្រជាពលរដ្ឋដល់ទីតាំងចំនុចបិទផ្លូវផ្ទាល់ ប្រជាពលរដ្ឋក៏បានយល់ព្រមទទួល យកការសម្របសម្រួល និងត្រឡប់ទៅលំនៅឋានវិញ ដេីម្បីរងចាំធ្វើការ ដោះស្រាយតាមនីតិវិធី នូវព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នេះ នៅសាលាស្រុកកៀនស្វាយ។
សូមបញ្ជាក់ថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋរស់នៅភូមិបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាលរាប់រយនាក់ ខឹងសម្បានឹងអាជ្ញាធរ ចេញតវ៉ាបិទផ្លូវជាតិលេខ១ទាំងយប់ ករណីអាជ្ញាធរ ចាប់បុគ្គលម្នាក់ឈ្មោះ ហុង សុខ ទាំងយប់ ដោយសារបុគ្គលរូបនោះ ចេញមុខការពារ ដីធ្លីប្រជាពលរដ្ឋដែល កំពុងមានជម្លោះ ជាមួយបុគ្គលមានអំណាច៕