ជើងខ្លាំងម្នាក់ កាប់និងវាយយុវជនម្នាក់ រឿងដណ្តើមស្រីស្នេហ៍ ត្រូវបញ្ជូនទៅតុលាការ និងស្វែងរកបក្ខពួកដែលកំពុងរត់គេចខ្លួន
ខេត្តតាកែវ ៖ ជនសង្ស័យពាក់ព័ន្ធហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស កាប់និងវាយយុវជនម្នាក់រឿងដណ្តើមស្រីស្នេហ៍ ត្រូវកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី ចំណែកបក្ខពួកដែលកំពុងរត់គេចខ្លួន កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
នៅថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញ ស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងជំនាញស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល រួមជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានធ្វើការស្រាវជ្រាវ បង្ក្រាបបានមុខសញ្ញា១នាក់មានឈ្មោះ អ៊ាង សុខេង ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី បច្ចុប្បន្នរស់នៅភូមិក្តាញ់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ឃាត់ខ្លួនបាននៅចំណុចភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ពាក់ព័ន្ធហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹតកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅភូមិកំពែងត្បូង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ខណៈពេលជនសង្ស័យរត់គេចទៅសម្ងំលាក់ខ្លួននៅទីតាំងខាងលើ។
សូមរំលឹកថានៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មានឈ្មោះ រស់ ស្រ៊ាន ភេទស្រី អាយុ ៤១ឆ្នាំ រស់នៅភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ត្រូវជាម្តាយជនរងគ្រោះឈ្មោះ សុខ ដារ៉ា បានមកប្តឹង(ផ្ទាល់មាត់)នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពែង ពីឈ្មោះ អ៊ាង សុខេង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្តាញ់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ និងបក្ខពួកមួយចំនួន ដែលបានវាយមកលើកូនរបស់ខ្លួនកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅចំណុចម៉ាត ASH ស្ថិតក្នុងភូមិកំពែងត្បូង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ បណ្តាលឱ្យរងរបួសស្រាល។ ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពែង បានចុះធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា ជនបង្កបានចំនួន ០៣នាក់ រួមមាន ៖ ទី១ឈ្មោះ អ៊ាង សុខខេង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្តាញ់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស(ជនដៃដល់) ទី២ឈ្មោះ ស៊ឹម វិន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី និងទី៣ឈ្មោះ ប្រាក់ លឿន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី តែជនបង្កទាំងបីនាក់ខាងលើ បានរត់គេចខ្លួនបាត់ពីមូលដ្ឋាន តាំងពីក្រោយកើតហេតុមកម្លេះ ចំណែកបក្ខពួកផ្សេងទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
សូមបញ្ជាក់បន្ថែមទៀតថា ខណៈពេលសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីកសាងសំណុំរឿង ក៏មានការផុសផ្សាយនូវវីដេអូ ថតដោយកាមេរ៉ាសុវត្ថិភាព អំពីសកម្មភាពក្រុមជនបង្ក ដែលបានវាយទៅលើជនរងគ្រោះឈ្មោះ សុខ ដារ៉ា ព្រមទាំងមានអាវុធ(ដាវ) តែមិនបានកាប់ទេ របស់គណនីហ្វេសប៊ុកឈ្មោះ Thoo Love លើបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងមានការចែករំលែកតគ្នា(share) តែម្តង។
ចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ អ៊ាង សុខេង បានសារភាពថាខ្លួនពិតជាបានវាយទៅលើឈ្មោះ សុខ ដារ៉ា ប្រាកដមែនព្រោះតែរឿងគំនុំផ្ទាល់ខ្លួន ។ បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ តចាត់ការតាមនីតិវិធី ចំណែកបក្ខពួកដែលកំពុងរត់គេចខ្លួន កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕