ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពន្ធដារ ប្រកាសប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២១

36

 

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីជូនដំណឹង ស្តីពីការប្រមូលពន្ធមធ្យោបាយ ដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១។

បើតាមសេចក្តីជូនដំណឹង អនុលោមតាមប្រកាសលេខ ៥៣១ សហវ .ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ និងសេចក្ដីណែនាំលេខ ៩២៥៤ អពដ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារមានកិត្តិយសសូមជម្រាបជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី កញ្ញា ដែលជាម្ចាស់យានយន្តគ្រប់ប្រភេទមេត្តាជ្រាបថា ការប្រមូល ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១. នឹងត្រូវដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។

ចំពោះម្ចាស់យានយន្តគ្រប់ប្រភេទត្រូវដាក់លិខិតប្រកាស ឬយកមកជាមួយនូវប័ណ្ណសម្គាល់ការបង់ពន្ធលើ មធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ និងធ្វើការបង់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារ កាណាឌីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឍនះ ឬនៅធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី ឬនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ឬនៅធនាគារស្ថាបនា ភីអ៊ិលស៊ី ឬនៅធនាគារប្រៃសណីយ៍កម្ពុជា ក.អ ឬនៅតាម ធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ដោយឡែក យានយន្ត ដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់ រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។

ចំពោះយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបត្រពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ (ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌ យានយន្តទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋាន ទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ អគ្គនាយកដ្ឋានពន្ធដារសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ និងធ្វើការពិន័យចំពោះម្ចាស់យានយន្តទាំងឡាយណាដែលមិនទាន់បានប្រកាស បង់ពន្ធក្នុងឆ្នាំកន្លងមក តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ មានជំនឿយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី កញ្ញា ជាម្ចាស់យានយន្តគ្រប់ប្រភេទ នឹងរួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធតាមទីកន្លែង និងពេលវេលាដូចបានកំណត់ ខាងលើ កុំបីខាន៕

អត្ថបទដែលជាប់ទាក់ទង