ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចហេង សំរិន ជំរុញដល់ការអភិវឌ្ឍធនធានកុមារ ឱ្យក្លាយជាទំពាំងស្នងឬស្សី ប្រកបដោយសមត្ថភាព និងគុណភាព

50

ភ្នំពេញ ៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៅថ្ងៃទី១មិថុនា២០២១ បានប្រកាសអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា។

សម្តេចពញាចក្រី ហេង សំរិន បានថ្លែងសារលើហ្វេសប៊ុកផ្លូវការនាថ្ងៃអង្គារនេះថា ថ្ងៃនេះជាខួបលើកទី៧២ នៃទិវាកុមារអន្តរជាតិ។ ជារៀងរាល់ឆ្នាំកម្ពុជារួមនឹងដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ តែងប្រារព្ធពិធីមីទ្ទីងក្នុងទ្រង់ទ្រាយធំនៅគ្រប់កន្លែង ដើម្បីចូលរួមអបអរសាទរទិវាដ៏មានអត្ថន័យនេះ សំដៅជំរុញដល់ការអភិវឌ្ឍធនធានកុមារ ឱ្យក្លាយជាទំពាំងស្នងឬស្សី ប្រកបដោយសមត្ថភាព និងគុណភាព ប៉ុន្តែដោយសារវិបត្តិជាសកលនៃជំងឺរាតត្បាតកូវីដ-១៩ បានរារាំងមិនឱ្យយើងអាចប្រារព្ធពិធីជួបគ្នាដូចសព្វដងនោះទេ។

កម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ អនុសញ្ញាស្តីពីកុមារ និងច្បាប់អន្តរជាតិពាក់ព័ន្ធក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ ពិសេសការលើកកម្ពស់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពកុមារ ព្រមទាំងបានខិតខំទប់ស្កាត់ ប្រយុទ្ធប្រឆាំងរាល់អំពើហិង្សា ការរំលោភបំពានគ្រប់រូបភាព និងការជួញដូរពលកម្មក្នុងគ្រប់ទម្រង់មកលើកុមារ។

សម្តេចពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា នៅក្នុងកាលៈទេសៈដែលយើងកំពុងប្រឈមនឹងជំងឺកូវីដ-១៩នេះខ្ញុំសូមអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់ មើលថែទាំកុមារឲ្យខ្លាំងក្លាមួយកម្រិតថែមទៀត ត្បិតអីពេលនេះពួកគេងាយនឹងប្រឈមបញ្ហាផ្សេងៗ ទាំងផ្លូវកាយនិងផ្លូវចិត្ត។ ការយកចិត្តទុកដាក់ ថែទាំ និងវិនិយោគលើកុមារនាថ្ងៃនេះ គឺដើម្បីអនាគតសង្គមនិងប្រទេសជាតិយើងនាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង