ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក សាយ សំអាល់៖ សហគមន៍ជាដៃគូសន្ទនា ជាមួយរាជរដ្ឋាភិបាលក្នុងការធានា និរន្តរភាព នៃការគ្រប់គ្រង ធនធានធម្មជាតិត្រូវតែបង្កើន

65

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបសំណេះសំណាល និងផ្តល់ម៉ូតូជូនគណៈកម្មាធិការបណ្តាញ សហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់ នៅទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃចន្ទ៤រោច ជេស្ន ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ។
លោក សាយ សំអាល់ បានបញ្ជាក់ថា៖ ការបង្កើតបណ្តាញសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ជាដៃគូសន្ទនា រវាងប្រជាសហគមន៍ និងរាជរដ្ឋាភិបាល ផ្លាស់ប្តូរយោបល់ ស្វែងរកដំណោះស្រាយរួមគ្នា ផ្តល់ការទទួលខុសត្រូវក្នុងការគ្រប់គ្រងនិង ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ឱ្យមាននិរន្តរភាព។
លោក រដ្ឋមន្រ្តី មានប្រសាសន៍បន្ថែមថា ក្រសួងបរិស្ថាននឹងខិតខំពង្រឹងភាព ជាដៃគូដ៏ល្អក្នុងការកសាង សហគមន៍ឱ្យមានការរីកចម្រើន ហើយភាពជាដៃគូសហការនេះ មានសារៈសំខាន់ ដែលផ្តល់ឱកាសឱ្យ សហគមន៍តំបន់ការពារធម្មជាតិ អាចផ្លាស់ប្តូរបទពិសោធន៍ ក្នុងការគ្រប់គ្រងធន ធានធម្មជាតិនិងការអភិរវឌ្ឍន៍ ជីវភាពសហគមន៍ និងអាចលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយ ជាមួយមន្រ្តីជំនាញ និងក្រសួងបរិស្ថាន ដើម្បីពង្រឹងកិច្ចសហការល្អថែមទៀតក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់។
លោក សាយ សំអាល់ បានបញ្ជាក់ថា ជីវភាពសហគមន៍មូលដ្ឋាន មានភាពប្រសើរ លុះត្រាតែគ្រួសារប្រជាសហគមន៍ មានអាហារហូបចុកគ្រប់គ្រាន់ មានសុខភាពល្អ រស់នៅប្រកប ដោយអនាម័យស្អាត និងកូនចៅបានបន្តការ សិក្សាបានខ្ពង់ខ្ពស់។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យសហគមន៍ ជំរុញផលិតកម្មអាហារនៅ តាមមូលដ្ឋាន ជាពិសេសពង្រឹងលើ ធនធានអ្វីដែលសហគមន៍ មានស្រាប់ដូចជាការដាំដុះដំណាំរួមផ្សំផ្សេងៗ និងការចិញ្ចឹមសត្វ ដែលជួយឱ្យគ្រួសារប្រជាសហគមន៍ មានស្បៀងអាហារ បរិភោគគ្រប់គ្រាន់ មានសុខភាពល្អបរិបូណ៍ មានកម្លាំងប្រាជ្ញាវាងវៃ និងបង្កើនជីវភាព គ្រួសារតាមរយៈការលក់ ចេញផលិតផលនានា ទៅកាន់ទីប្រជុំជន ទៅកាន់ទីផ្សារនានា នៅរាជធានីភ្នំពេញបន្ថែមទៀត។ បន្ថែមពីនេះសហគមន៍មួយ ចំនួនមានសក្តានុពល ក្នុងការបង្កើតជាទេសចរណ៍ធម្មជាតិ ដែលអាចជួយឱ្យប្រជាពលរដ្ឋមូលដ្ឋាន មានសេដ្ឋកិច្ចរឹងមាំមួយកម្រិតទៀត តារយៈការផ្តល់ សេវាទេសចរណ៍ល្អ ដូចជា ម្ហូបអាហារ បន្លែ ត្រី សាច់ និងវត្ថុអនុស្សាវរីយ៍ ជូនដល់អ្នកទេសចរណ៍ផងដែរ។

លោកបន្ដថា៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ក្រសួងបរិសា្ថន បានរៀបចំវេទិកាថ្នាក់ជាតិលើកទី១ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
វេទិកាបានអនុញ្ញាតឱ្យក្រសួងបរិស្ថាន សម្រប សម្រួលរៀបចំបង្កើតបណ្តាញ សហគមន៍មូលដ្ឋាន៣កម្រិត ១. សម្ព័ន្ធសហភាព សហគមន៍អភិរក្សធនធានធម្មជាតិ «ថ្នាក់ជាតិ» ២.បណ្តាញសហគមន៍អភិរក្ស ធនធានធម្មជាតិ«ថ្នាក់តំបន់» (តំបន់ខាងត្បូងបឹងទន្លេសាប តំបន់ខាងជើងបឹងទន្លេសាប និងតំបន់ខាងកើត ទន្លេមេគង្គ) និង៣.សហព័ន្ធសហគមន៍អភិរក្សធនធានធម្មជាតិ«ថ្នាក់តំបន់ការពារធម្មជាតិ» ក្នុងគោលបំណង ពង្រឹងកិច្ចសហការ រវាងសហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ការលើកកម្ពស់ជីវភាព សហគមន៍ និងចូលរួមចំណែក ដោះស្រាយបញ្ហាផ្សេងៗទៀតនៅមូលដ្ឋាន។
ក្រសួងបរិស្ថាន បានដំណើរការរៀបចំបណ្តាញ សហគមន៍អភិរក្សធនធានធម្មជាតិ ទាំងថ្នាក់មូលដ្ឋាន ថ្នាក់តំបន់ និងថ្នាក់ជាតិ និងបានជួយបណ្តុះបណ្តាល ការរៀបចំ គ្រប់ក្រង ផ្តល់សម្ភារៈ ពូជសត្វ ជាបន្តបន្ទាប់ ជូនដល់សហគមន៍មួយចំនួន ដើម្បីពង្រឹងជីវភាព ប្រជាពលរដ្ឋនៅតាម សហគមន៍មូលដ្ឋាន។ នៅក្នុងពេលនេះ ក្រសួងបរិស្ថាន បានផ្តល់ម៉ូតូជូនដល់ «បណ្តាញសហគមន៍ អភិរក្សធនធានធម្មជាតិ» ទាំងបីតំបន់ ដែលក្នុងនោះបណ្តាញនីមួយ” ទទួលបានម៉ូតូចំនួន ៥គ្រឿង ដើម្បីលើកទឹកចិត្ត ដល់ការចូលរួមយ៉ាង សកម្មឬបស់គណៈកម្មាធិការបណ្តាញទាំងអស់ ក្នុងការគ្រប់គ្រងធនធានធម្ម៕ សំរិត

អត្ថបទដែលជាប់ទាក់ទង