ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាសាទផ្ទី

128

សៀមរាប៖ ក្រុមការងារនៃនាយកដ្ឋាន អភិរក្សប្រាសាទក្រៅនិងក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាសាទផ្ទី ដែលស្ថិតនៅ កណ្ដាលបារាយណ៍ នៃប្រាសាទបេងមាលា។ គម្រោងជួសជុលនេះ គឺធ្វើឡើងដោយមាន ការចូលរួមពីវិស័យឯកជន។

ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា គម្រោងជួសជុលប្រាសាទផ្ទីបាន សម្រេចរួចរាល់ហើយ នៅចុងខែ ឧសភា នេះ បន្ទាប់ពីចាប់ផ្តើម ដំណើរការនៅដើមខែ មេសា។ នៅដើមខែ មីនា ការធ្វើកំណាយ ពិនិត្យរចនាសម្ពន្ធប្រាសាទនេះ បានចាប់ផ្តើម និងឈានដល់ការជួសជុល លើកតម្លៃឡើងវិញ ក្រោមការចូលរួមពីវិស័យឯកជន គឺលោកជំទាវហេមចិត្តា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមមយ៉ាន ក្នុងបំណងដើម្បីចូលរួម អភិរក្សមរតកសម្បត្តិបេតិកភណ្ឌជាតិ។

បើតាមការបញ្ជាក់ពីឯកឧត្តម គឹម សុធិន គម្រោងជួសជុលនេះ មានការលំបាកបន្ដិចដែរ ព្រោះការដ្ឋានស្ថិតនៅ កណ្ដាលបារាយណ៍ ក្នុងព្រៃ ហើយផ្លូវធ្វើដំណើរ មានភាពតូចបន្ដិច ដែលពិបាកក្នុងការ ដឹកជញ្ជូនថ្មតាមរថយន្តធុនធ្ងន់។ យ៉ាងណា ឯកឧត្តម គឹម សុធិន បានបង្ហាញសុទិដ្ឋិនិយម និងអារម្មណ៍រីករាយ ជាខ្លាំងជាមួយសមិទ្ធផលថ្មីមួយ បន្ថែមទៀតនេះ ពិសេសប្រាសាទដែល បានដួលរលំឃើញតែ គំនរដុំថ្មហើយបានខិតខំរកផ្គុំឱ្យមានរូបរាងឡើងវិញ។

ប្រាសាទផ្ទីដែលស្ថិតនៅចំកណ្តាល បារាយណ៍ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅ ភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ប្រាសាទនេះមានលក្ខណៈ ជាសំណង់ថ្មបាយក្រៀម រាងការេ ប្រវែង១៥ម៉ែត្របួនជ្រុង និងមានជញ្ជាំងព័ទ្ធជុំវិញកម្ពស់១ម៉ែត្រ ។ នៅចំកណ្តាល គេតម្កល់រូបព្រះពុទ្ធប្រក់នាគ សរុបទាំងខឿនកម្ពស់ ៦,៥ម៉ែត្រ អំពីថ្មភក់ ដែលទំនងជាត្រូវបាន សាងសង់ឡើងរវាងពាក់ កណ្ដាលសតវត្សទី១២ ទៅចុងសតវត្សទី១២៕

អត្ថបទដែលជាប់ទាក់ទង