ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន ចុះពិនិត្យមើលស្ថានភាព នៅរោងចក្រតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ឃុំបិតត្រាំង និងរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ចេជាង ស្ថិតនៅឃុំជើងគោ និងបន្តអប់រំណែនាំប្រជាពលរដ្ឋ ក្នុងភូមិត្រពាំងគារ ឃុំជើងគោ

97

ព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យមើលស្ថានភាពនៅរោងចក្រតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ឃុំបិតត្រាំង និងរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ចេជាង ស្ថិតនៅឃុំជើងគោ និងបន្តអប់រំណែនាំប្រជាពលរដ្ឋ ក្នុងភូមិត្រពាំងគារ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រោងចក្រភាគច្រើនបានគោរពតាម ការណែនាំរបស់រដ្ឋបាលខេត្ត បានបំពាក់ទូរបាញ់ថ្នាំ សម្លាប់មេរោគ កន្លែងលាងដៃ នៅមុខរោងចក្រ ព្រមទាំងបានធ្វើការណែនាំដល់ មន្ត្រីប្រចាំការនៅគោលដៅរោងចក្រ តំបន់សេដ្ឋកិច្ចទាំងពីរខាងលើ ត្រូវបន្តពិនិត្យរោងចក្រទាំងអស់ឱ្យបំពាក់ទូបាញ់ថ្នាំ អាល់កុលសម្លាប់មេរោគឱ្យបានពីរ ឬបី បើអាចដាក់កាន់តែច្រើនរឹតតែល្អ ដើម្បីងាយស្រួលឱ្យកម្មករ កម្មការិនីយើងចូលធ្វើការ និងចេញពីធ្វើការបាន បាញ់សម្លាប់មេរោគបានគ្រប់គ្នា ជាជំរើសល្អក្នុងការជួយកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ទន្ទឹមនោះត្រូវពិនិត្យការទទួលទាន របស់កម្មករ មិនត្រូវប្រមូលផ្តុំ ត្រូវមានបាយកញ្ចប់រៀងៗខ្លួននៅពេលថ្ងៃត្រង់ ដោយរក្សាគម្លាតសុវត្ថិភាពជាចំបង។
ឯកឧត្តមអភិបាលខេត្តបានបន្តថា រោងចក្រនីមួយៗត្រូវរៀបចំ បញ្ជីឈ្មោះកម្មករ បុគ្គលិករបស់ខ្លួន ដើម្បីមានភាពងាយស្រួល ដល់ក្រុមការងាររបស់យើង ប្រសិនបើមានការសង្ស័យរោងចក្រណាមួយមានឆ្លងជំងឺកូវីដ-១៩ យើងនឹងយកសំណាកពួកគាត់ បានទាន់ពេលវេលា បញ្ចៀសការឆ្លងរីករាលដាល ទៅរោងចក្រដទៃទៀត ម្យ៉ាងទៀតម៉ោងចេញ និងចូលធ្វើការត្រូវតែខុសគ្នា ដើម្បីបញ្ចៀសការកកស្ទះ បណ្តាលឱ្យមានការឆ្លងជំងឺកូវីដ-១៩។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បាន អញ្ជើញបន្តចុះសាកសួរសុខទុក្ខបងប្អូន ប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងគារ ឃុំជើងគោ ស្រុកព្រៃនប់ ដែលមានសមាជិក របស់ពួកគាត់មានវិជ្ជមានកូវីដ-១៩ ដោយធ្វើការណែនាំត្រូវរស់នៅ តាមបែបកន្លងថ្មី មិនត្រូវចេញទៅក្រៅ ត្រូវធ្វើចត្តាឡីស័កនៅក្នុងផ្ទះឱ្យបាន ត្រឹមត្រូវតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងវិធានការ ៣.ការពារ ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមគ្នាកាត់ផ្តាច់ប្រភពចម្លងជំងឺកូវីដ-១៩ ឱ្យទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង